ខេត្តស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ ថាជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះនៅភូមិឫស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានសត្វជ្រូកជាង១០០ក្បាល បានឆ្លងជំងឺមួយនេះ។ នេះជាខេត្តទី៣ ហើយដែលមានផ្ទុះជំងឺជ្រូកនេះបន្ទាប់ពីខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ។


លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានប្រាប់ថា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា នេះថា ពិតជាមានករណីឆ្លងជំងឺប៉េស្តអាហ្វ្រិក ពិតមែន នៅភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ប៉ុន្តែកាលពីអាទិត្យមុន ក្រុមពេទ្យសត្វបានមកបាញ់ថ្នាំហើយ បានយកឈាមទៅពិនិត្យនៅភ្នំពេញ ក្នុងនោះពេទ្យសត្វមិនទាន់ឱ្យផ្សព្វផ្សាយនោះទេ។ សព្វថ្ងៃនេះ មានសត្វជ្រូកជាច្រើន បានងាប់ជាបន្តបន្ទាប់ ហើយរូបលោក និងមន្ត្រីជំនាញបានដុតចោលអស់ពីរក្បាលហើយ កាលពីប៉ុន្មានថ្ងៃមុន។


លោករដ្ឋមន្ត្រី វេង សាខុន បានស្នើដល់អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយផ្តល់កិច្ចសហការក្នុងការអនុវត្តវិធានការបសុព្យាបាល របស់សមន្ត្រីជំនាញក្នុងការពង្រឹងការទប់ស្កាត់ចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺឆ្លង ឲ្យមានប្រសិទ្ធភាពខ្ពស់។


ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយច្បាប់ជម្រាបជូនលោកអភិបាលខេត្តស្វាយរៀង ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។