ខេត្តកណ្តាល ៖ ព្រះសង្ឃ១អង្គបានប្រើកូនសិស្សជំនិតទុកសក់វែងទៅទិញម្សៅសាប៊ូ ។ ពេលនោះ កូនសិស្សល្អមិនទៅទិញសោះ ទើបព្រះសង្ឃអង្គនោះបានស្តីបន្ទោសអប់រំខ្លះទៅ តែដឹងអី ស្រាប់តែកំពូលកូនសិស្សរូបនោះ ខឹងច្រឡោតតោតតូង ហើយបានយកចបកាប់ និងផ្លែរណារ កាប់វាយព្រះសង្ឃរងគ្រោះ បណ្តាលឲ្យរងរបួសតែម្តង។
ហេតុការណ៍កូនសិស្សទំនើងវាយព្រះសង្ឃនេះ បានកើតឡើង កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងវត្តស្តៅ ក្នុងភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។


សង្ឃរងគ្រោះ មានព្រះនាម ឃីន ខុនណា អាយុ៣៤ឆ្នាំ គង់នៅទីអារាមវត្តស្តៅ កន្លែងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ទទួលរងរបួសលើផ្ទៃមុខខាងស្តាំក្រោមភ្នែកចំនួន១កន្លែង ដៃខាងស្តាំចំនួន៣កន្លែង ។ ចំណែក ជនដៃដល់ មានឈ្មោះផល សំណាង ហៅ សឹង្ហា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បច្ចុប្បន្នជាកូនសិស្សសង្ឃរងគ្រោះ ស្នាក់នៅក្នុងវត្តកើតហេតុ។ ដកហូតចបកាប់ចំនួន០១ដងឈើ ផ្លែដែកមានប្រវែង១,២៥ ម៉ែត្រ។
ប្រភពពីសមត្ថកិច្ចបាឲ្យដឹងថា មុនពេលកើតហេតុ សង្ឃរងគ្រោះបានប្រើជនសង្ស័យជាកូនសិស្សទៅទិញសាប៊ូម្សៅ តែពេលនោះ ជនសង្ស័យមិនទៅទិញទេ ទើបព្រះរងគ្រោះបានស្តីបន្ទោសទៅលើជនសង្ស័យបន្តិចបន្តួច ស្រាប់តែជនសង្ស័យខឹងច្រឡោតដាច់ក្បាលដាច់កន្ទុយប្រៀបដូចជាមនុស្សបែកថ្នាំ ហើយបានយកចបកាប់វាយទៅលើជនរងគ្រោះព្រះនាមឃីន ខុនណា បណ្តាលឲ្យរងរបួស។


ក្រោយកើតហេតុ សង្ឃរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ជួយអន្តរាគមន៍។ ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកប៉ុស្តិ៍ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តនីតិវិធី៕