ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​ពាក់ព័ន្ធ​ករណី​ឆបោក ​។

ជនសង្ស័យ​ឈ្មោះ ជួង សេត ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល​លេខ​៦ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន ក្នុង​ឯកសណ្ឋាន អាវយឺត អ​.​ហ ពណ៌​ខ្មៅ និង ខោ​ពណ៌​ត្រេ​អ៊ី ព្រមទាំង​ដកហូត​បាន អាយ​ឌី ចំនួន​មួយ គ្រឿង​, កាំភ្លើង​ជ័រ​មួយ​ដើម ពណ៌​ខ្មៅ​ដាក់​ក្នុង​ស្រោម ​។

ជនសង្ស័យ​បាន​តាំងខ្លួន​ថា ជា​សមត្ថកិច្ច​អាវុធហត្ថ​កូនចៅ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ទៅ​បោក​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​បួន​នាក់ ថា​រត់ការ​ចូល​ក្រប​ខណ្ឌ អាវុធហត្ថ ដោយ​ម្នាក់​ៗ​ត្រូវ​បង់ប្រាក់ ចាប់ពី​៤.០០០ ទៅ​៥.០០០​ដុល្លារ​។ ជន​រង​គ្រោះ​ទាំង​បួន​នាក់ ក៏​បាន​យល់ព្រម​ប្រគល់​ប្រាក់ ជា​បន្តបន្ទាប់ បាន​ចំនួន ១៧.៦០០​ដុល្លារ​។ តែ​ការ​ពិត​ជនសង្ស័យ ពុំ​មែន​ជា​សមត្ថកិច្ច​អាវុធហត្ថ​សោះ​ហើយ​អាវុធហត្ថ​ក៏​ពុំ​មាន ការ​បង់ប្រាក់​ដើម្បី​ចូល​ក្រប​ខណ្ឌ​នោះ​ដែរ គឺ​មាន​តែ​ការ​ប្រឡង​ចូល នៅ​ពេល​ណា​មានការ​ប្រកាស​ជ្រើសរើស ពី​ក្រសួងការពារជាតិ​ប៉ុណ្ណោះ​។

ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​នូវ អំពើ​ទុ​ច្ច​រិ​ក​នេះ​ពិតប្រាកដ​មែន ដោយ​ក្នុង​ដើមឆ្នាំ​២០១៨ រូប​ខ្លួន​បាន​កុហក​ទៅ​ឈ្មោះ ឈ​ន ឌី ថា​រូប​ខ្លួន​គឺជា អាវុធហត្ថ​ក្រុង​កូនចៅ​ឯកឧត្ដម​រ័​ត្ន​ស្រ៊ា​ង​ហើយ​រូប​ខ្លួន​បាន​សួរ​ទៅ​ជន​រង​គ្រោះ​ថា​ចង់​ចូល​ធ្វើការ​ជា​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែរ​ឬ​អត់ ? ហើយ​ឈ្មោះ ឈ​ន ឌី បាន​ប្រាប់​វិញ​ថា​គេ​ចង់​ចូល​និង​មាន​មិត្តភក្តិ​ចំនួន​បី​នាក់​:១.​ឈ្មោះ ជា ទូ ភេទ​ប្រុស​, ២.​ឈ្មោះ សន សិទ្ធ ភេទ​ប្រុស និង ៣.​ឈ្មោះ សេង រំដោះ ភេទ​ប្រុស ក៏​ចង់​ចូល​ធ្វើ​ការងារ​ក្របខ័ណ្ឌ​អាវុធហត្ថ​ដែរ ។ បន្ទាប់​មក​ជនសង្ស័យ ក៏​បាន​ណាត់​ជន​រង​គ្រោះ ទាំង​បួន​នាក់ មក​ជាមួយ​គ្នា ដោយពេល​ទៅ​ជួប​ពួក​គេ​ទាំង​បួន នាក់​គឺ​ជនសង្ស័យ​បាន​ស្លៀកពាក់ ឯក​ស​ណ្ផា​ន​ជា​មន្ត្រី​អាវុធហត្ថ ហើយ​បាន​បញ្ចុះបញ្ចូល​ជន​រង​គ្រោះ​ទាំង​បួន​នាក់ ឲ្យ​បង់ប្រាក់​ម្នាក់​៤.០០០​ដុល្លារ (​បួន​ពាន់​ដុល្លារ​) ដើម្បី​រត់ការ​ឲ្យ​បាន​ឈ្មោះ ចូល​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ និង​ទារ​បន្ថែម​ជា​បន្តបន្ទាប់ រហូត​សរុប​បាន​ចំនួន ១៧.៦០០​ដុល្លារ​(​មួយ​ម៉ឺន​ប្រាំពីរ​ពាន់​ប្រាំមួយ​រយ ដុល្លារ​)​។

នៅ​ទីបំផុត ជន​រង​គ្រោះ​ម្នាក់ មានការ​សង្ស័យ ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​ ៕