ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង១៤ និង១២នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិសាស្រ្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។


ជនសង្ស័យដែលសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ មានឈ្មោះឆោម រ៉ាឆា ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ សមត្ថកិច្ច ដកហូតកាំភ្លើងកែច្នៃចំនួន០៧ដើម (វែង០២ដើម និងខ្លី0៥ដើម ) , រំសេវសម្រាប់ផ្ទុះ0២ដប, គីបផ្ទុះ០២បន្ទះ, បំពង់ស្តុបខ្យល់០៣ដើម, បំពង់ខ្យល់ចំនួន0៣ដើម, ដែកសម្រាប់ធ្វើកាណុងចំនួន១, ដបសម្រាប់ជក់ចំនួន១, ថ្នាំញៀនប្រភេទម្សៅពណ៌សថ្លាចំនួន១១កញ្ចប់តូច។


សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យនេះជាសមាសភាពក្រុមបងតូចបងធំប្រចាំមូលដ្ឋាន តែងបង្កការរំខានដល់ប្រជាពលរដ្ឋ និងមុខសញ្ញាមុខសញ្ញាជួញដូរ -ប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មដែលសមត្ថកិច្ចតាមប្រមាញ់ជាយូរណាស់មកហើយ ទើបតែបង្ក្រាបចាប់ខ្លួនបាននៅពេលនេះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចែកចាយគ្រឿងញៀនប្រាកដមែន និងបានកែច្នៃកាំភ្លើង ដើម្បីលក់។ ក្រោយពីទទួលបានចម្លើយសារភាព សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ៕