ភ្នំពេញ៖ បុរសម្នាក់មានចិត្តចង់មានបានខុសទំនង មានរបររត់ម៉ូតូកង់៣ហើយ នៅមិនទាន់អស់ចិត្តទៀត ដោយបន្ថែមរបរធ្វើចោរ១ទៀត តែដឹងអី! ពេលធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិចិនបានសម្រេចទៅហើយ តែរត់គេចខ្លួនមិនរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនយកឲ្យសម្រាកក្នុងគុក។


ករណីចោរកម្មនេះ បានកើតឡើង កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង២ និង៣០នាទី ចំណុចផ្លូវលេខ១៦១ កែងផ្លូវ១៩៨ ភូមិ៦ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះផាន សុផាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅផ្ទះលេខ៤៧អ៊ឺ១ ផ្លូវលេខ៣៦៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានសាធាតុញៀនក្នុងខ្លួន និងដកហូត ម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១B-៣១០៣ (របស់ជនសង្ស័យជិះធ្វើសកម្មភាព) និងទូរស័ព្ទដៃ១គ្រឿង ម៉ាកហូណូ ពណ៌ខ្មៅ ( របស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់វិញ)។ ចំណែក ជនរងគ្រោះឈ្មោះយៀក ផាំងលាវ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៤អ៊ឺសេរ៉ូ ផ្លូវលេខ១៨២ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចនាំកាន់អធិការនគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងកសាងសាណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕