ស្វីស៖ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបបួលលោកសម រង្ស៊ី មេក្រុមប្រឆាំងក្រៅប្រទេស ស្បថដាក់ជីវិតទាំងក្រុមតែម្តង ចំពោះការចោទប្រកាន់ថា អ្នកដែលទៅគ្រាំទ្រសម្តេចរាប់ពាន់នាក់នៅប្រទេសស្វីស ថា សម្តេចបានជួលឲ្យមកទទួលស្វាគមន៍សម្ដេច ក្នុងតម្លៃ២០០ ដល់២០០០ដុល្លារក្នុងម្នាក់ៗ។


ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសស្វីសជាង១២០០នាក់ នាយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។


ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅប្រទេសស្វីសនោះ សម្តេចហ៊ុន សែន បានរិះគន់មិនចំឈ្មោះ តែទំនងជាសំដៅទៅលើលោកសម រង្ស៊ី ដែលបានចោទប្រកាន់ទៅលើអ្នកគាំទ្រសម្ដេចនៅក្រៅប្រទេសនោះថា គឺជាការប្រមាថមួយ ហើយសម្តេច បាននាំប្រជាពលរដ្ឋខ្មែរដែលមកជួបសម្តេចស្បថឱ្យស្លាប់ទាំងអស់គ្នា បើសិនជំនួបនេះមានការជួល ឬទិញដូរនោះ។ ផ្ទុយទៅវិញបើមិនមានការជួល ឬទិញដូរ គឺឱ្យអ្នកចោទនោះស្លាប់ដូចគ្នាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការជួបគ្នារវាងសម្តេច និងប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប គឺជាការរត់រកគ្នានៃឈាមខ្មែរដូចគ្នា។


ការបបួលស្បថនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានបង្ហោះសារលើ Facebook របស់លោក កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ម្សិលមិញនេះថា ហ៊ុន សែន បានជួលមនុស្សឲ្យមកស្វាគមន៍គាត់ ដោយឲ្យកម្រៃពី ២០០ ដុល្លារ ទៅ ២០០០ ដុល្លារ ម្នាក់ អាស្រ័យលើមកពីជិត-ឆ្ងាយ។ តែចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិវិញ គឺមកដោយចិត្តឯង ហើយចេញថ្លៃធ្វើដំណើរដោយខ្លួនឯង ដូចយុវជនខ្មែរ នៅប្រទេសកម្ពុជាអញ្ចឹងដែរ កាលពេលចូលរួមដង្ហែក្បួនរៀបចំដោយគណបក្សសង្គ្រោះជាតិ៕