ខេត្តកំពង់ឆ្នាំង ៖ បុរសជាគ្រូបង្រៀនម្នាក់ បន្ទាប់ពីដល់អាយុចូលនិវត្តន៍ បានចាប់របររត់ម៉ូតូឌុប គ្រាន់បានប្រាក់ចិញ្ចឹមក្រពះ តែអកុសល ស្រាប់តែជនសង្ស័យម្នាក់ប្រើល្បិចធ្វើជាហៅម៉ូតូជិះដល់កន្លែងស្ងាត់ បានយកកូនកាំបិតធ្វើសកម្មភាពចាប់បុរសចំណាស់ខាងលើអារកប្លន់យកម៉ូតូទៅបាត់ ។ ករណីចោរកម្ម ជនសង្ស័យចាប់បុរសរត់ម៉ូតូឌុបអារកប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចព្រៃរណ្តៅថ្ម ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស។


ជនរងគ្រោះ មានឈ្មោះម៉ាត់ សូហ៊្វីយ៉ា អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម ជាអតីតគ្រូបង្រៀនចូលនិវត្តន៍ សព្វថ្ងៃប្រកបរបររត់ម៉ូតូឌុប មានលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ត្រង់បំពង់ក ភ្នែកខាងស្តាំ និងក្បាលជាច្រើនកន្លែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានវ័យប្រមាណ២០ឆ្នាំ។ រីឯម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1K-6043។


ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឌុបយុវជនម្នាក់ (ជនសង្ស័យ) ក្នុងតម្លៃ២ម៉ឺនរៀល មកចំណុចចម្ការអំពៅ ស្ថិតនៅក្នុងឃុំតាំងក្រសាំង ដោយជនសង្ស័យប្រាប់ថា មកធ្វើការនៅទីនោះ។ លុះដឹកមកដល់ចំណុចកើតហេតុ ខណៈគាត់មិនចាប់អារម្មណ៍ ជនសង្ស័យបានធ្វើសកម្មភាពចាប់បោចសក់ក្បាលគាត់ពីក្រោយ រួចទាញកាំបិតបម្រុងអារកសម្លាប់គាត់ចោល តែសំណាងល្អ គាត់ដឹងខ្លួនទាន់ បានផ្តួលម៉ូតូ និងបានចាប់ចុងផ្លែកាំបិតរបស់ជនសង្ស័យ ធ្វើឱ្យមុតបាតដៃស្តាំ ហើយជនសង្ស័យក៏បានចាក់គាត់ត្រូវ១កាំបិត បណ្តាលឱ្យរងរបួសលើភ្នែកផ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរ ហើយពេលនោះគាត់បានរត់ទៅឱ្យអ្នកធ្វើចម្ការនៅក្បែរនោះជួយ និងទូរស័ព្ទរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។ ចំណែក ជនសង្ស័យវិញ បានឆក់ឱកាសលើកម៉ូតូគាត់ជិះគេចខ្លួនបាត់ស្រមោល ។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកកាន់កន្លែងកើតហេតុភ្លាមៗ និងបានទាក់ទងទៅកម្លាំងសមត្ថកិច្ចគ្រប់គោលដៅ ដើម្បីស្ទាក់ចាប់ជនល្មើស ចំណែកកម្លាំងខ្លះ បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះជីវិត។ តែគួរឲ្យស្តាយជនសង្ស័យបានរត់គេចខ្លួនបាត់ តែយ៉ាងណា ពេលនេះ កម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ជនសង្ស័យនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន៕