ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ រួមដំណើរដោយបុរសស្រ្តី២នាក់ ខណៈកំពុងបើករថយន្តសុខៗ ស្រាប់តែបើកភ្លើងស៊ីញ៉ូភ្លាមបត់ភ្លែត ធ្វើឲ្យបុរសបរទេសជនជាតិស្បែកសម្នាក់ បើកម៉ូតូធំពាក់ស្លាកលេខវៀតណាម មកដល់ គេចមិនផុត ក៏បុករថយន្តចំកង់រថយន្តខាងមុខផ្នែកខាងឆ្វេង បណ្ដាលឲ្យរបួសជើងខាងស្ដាំ រីឯរថយន្តខូចខាតបន្តិចបន្តួច។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៣ និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចនៅមុខធនាគារ ABA (មុខវត្តទួលទំពូង) ផ្លូវម៉ៅសេទុង កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Toyota Matrix XR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-7096 បើកបរដោយនារីស្រស់ស្អាតម្នាក់ និងអ្នករួមដំណើរប្រុសស្រី២នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកើត ។

លុះមកដល់ចំណុចកើតហេតុ បានបើកភ្លើងស៊ីញ៉ូឆ្វេង ហើយបត់វឹង មិនបានក្រឡកមើលមុខក្រោយជាមុនឡើយ ធ្វើឲ្យបុរសជនបរទេសស្បែកសម្នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាក CRG ពណ៌ក្រហម ពាក់ស្លាកលេខ 77-81 512.61 (ស្លាកលេខវៀតណាម) គេចមិនទាន់ ក៏បានបុករថយន្តផ្នែកឆ្វេងចំកង់មុខ បណ្ដាលឲ្យរបួសចំជើងខាងស្ដាំ និងវៀចកម៉ូតូ ចំណែក រថយន្តខូចខាតផ្នែកកង់មុខ ខាងឆ្វេង។


ប្រភពបន្តថា ក្រោយមកភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នា តែមិនត្រូវគ្នា ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងត្របែក សហការជាមួយសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋានគរបាលខណ្ឌចំការមន ធ្វើការវាស់វែង យកយានយន្តទាំង១គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕