ខេត្តព្រះសីហនុ ៖ វា​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ឯកឧត្តម គួ​ច ចំរើន ចូល​កាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង បាន​រក​ឃើញ​ដេប៉ូ​លក់​ខ្សាច់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​ក្រុម​ឈ្មួញ​អ្នក​រកស៊ី​លក់​ខ្សាច់​ទាំងនោះ បាន​យក​ខ្សាច់​សមុទ្រ ​មក​លាយ​ជាមួយ​ខ្សាច់​កំពង់ស្ពឺ (ខ្សាច់​ពី​ទន្លេ​ឫ​ពី​ស្ទឹង) លក់​ឱ្យ​អតិថិជន​យក​ទៅ​ធ្វើ​សំណង់ ដែល​នាំអោយ​សំណង់​មិន​មានគុណ​ភាពល្អ​ឡើយ ។

ដែល​អ្នកជំនាញ​បាន​លើក​ឡើង​ថា ធ្វើ​ឱ្យ​សំណង់​មិន​មានគុណ​ភាពល្អ​ឡើយ ព្រោះថា​ខ្សាច់​ពី​ទន្លេ​,​ស្ទឹង និង ខ្សាច់​សមុទ្រ មានគុណ​ភាព​ខុស​គ្នា ដោយ​ខ្សាច់​សមុទ្រ​មាន​ជាតិ​ប្រៃ​ខុស​ពី​ខ្សាច់​សុទ្ធ​កំពង់ស្ពឺ ដែល​គេ​មិន​អាច​យក​ទៅ​ធ្វើ​សំណង់​បាន​ឡើយ ។

មន្ត្រី​រដ្ឋបាល​សាលាខេត្ត អោយ​ដឹង​ថា ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​លើកយក​បញ្ហា អំពី​ការដ្ឋាន​សំណង់​មួយ​ចំនួន ដែល​យក​ខ្សាច់​សមុទ្រ មក​លាយ​ជាមួយ​ខ្សាច់​សុទ្ធ​ពី​ខេត្តកំពង់ស្ពឺ ដាក់​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់ ។

មន្ត្រី​ដដែល​ដកស្រង់​ប្រសាសន៍​របស់​ឯកឧត្តម​អភិបាលខេត្ត មក​បញ្ជាក់​ថា ករណី​នេះ​ឯកឧត្តម​អភិបាលខេត្ត​ព្រះ​សីហ​នុ តម្រូវ​អោយ​ក្រុមការងារ​បច្ចេកទេស ធ្វើការ​សិក្សា​អំពី​ផល​ប៉ះពាល់​ពី​ការ​យក​ខ្សាច់​សមុទ្រ មក​លាយ​ជាមួយ​ខ្សាច់​សុទ្ធ​ពី​ខេត្តកំពង់ស្ពឺ​នេះ នៅ​តាម​ការដ្ឋាន​សំណង់​នានា ដែល​ពាក់​ព​ន្ធ័​ក្នុង​ក្រុងព្រះសីហនុ ជា​ការ​ប្រញាប់ ដើម្បី​មាន​វិធានការ​បន្ត ៕