ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានអាកាសធាតុអំណោយផលពីធម្មជាតិ ហេតុដូចនេះហើយទើបធ្វើអោយមានលក្ខណៈងាយស្រួលក្នុងការបង្កបង្កើនផល។ ក៏ដូចជាដំណាំដូងគឺជាដំណាំមួយដែលពេញនិយមបំផុតរបស់ប្រជាពលរដ្ឋខ្មែរ មិនថាការដាំនោះជាលក្ខណៈគ្រួសារ រឺ ក៏អាជីវកម្មទ្រង់ទ្រាយធំ។


ដំណាំដូង គឺងាយស្រួលដាំនិងមើលថែជាងដំណាំផ្សេងៗព្រោះវាមិនត្រូវការឲ្យយើងមើលថែវាឲ្យដិតដល់ ប៉ុន្តែបើយើងរឹតតែមើលវាឲ្យបានល្អ នោះវានិងទទួលបានផលដូចសមប្រកប។ នៅថ្ងៃនេះដែរពួកយើងសូមធ្វើការចែករំលែកនូវវិធីសាស្ដ្រាខ្លះៗទាក់ទងនិងដំណាំដូងដើម្បីទទួលបានទិន្នផលខ្ពស់ដូចខាងក្រោម៖


ប្រសិនបើដំណាំដូងមានទឹកសើមគល់គ្រប់គ្រាន់ គ្រប់រដូវកាល គឺ ផ្លែដូងវានឹងមានលលាដ៏រីកធំ ប៉ោងនៅផ្នែកកណ្តាលបានល្អ និងទូលាយ។ នេះជាហេតុផលដែលគេត្រូវជីកប្រឡាយ លើកជារង ដើម្បីផ្តល់ទឹកអោយវាគ្រប់គ្រាន់។ ដូងដែលខ្វះទឹក ផ្លែដូងនឹងមិនធំ លលាដ៏ដូងតូចវែង។ ដូងគ្មានរដូវទេ បើមានទឹក មានជី មានពន្លឺថ្ងៃគ្រប់គ្រាន់ គ្រប់រដូវកាល វាចេញផ្លែរាល់ថ្ងៃតែម្តងគឺផ្លែមិនឈប់ ផ្លែ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។

ត្រណមធំបំផុតនៃដំណាំដូង គឺហាមកាប់ស្លឹករបស់វា ទោះបីជាស្លឹកដូងទុំ ក៏ដោយ គឺត្រូវទុកអោយវាជ្រុះដោយខ្លួនឯង ប៉ុន្តែ យើងអាចកាប់ ឆ្ការ ខ្ពរដូង ស្មែងដូង ស្បៃដូង នៅលើដើមដូងបាន ដើម្បីអោយវាស្រឡះល្អ គ្មានសត្វបំផ្លាញ កាន់ផ្លែបានច្រើន។ កុំភ្លេចចិញ្ចឹមនិងការពារសត្វឃ្មុំផង។ ដូងត្រូវការអំបិល ត្រូវដាក់អំបិលនៅគល់ និងនៅតាមប្រគាបនៃគល់ស្លឹក អោយបាន១ឆ្នាំ៣ទៅ៤ដង៕