ខេត្តព្រះសីហនុ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសម្រេចចិត្ត សុំលាលែងពីតំណែង និងមានការសោកស្តាយជាខ្លាំងចំពោះឧប្បទ្ទវហេតុដ៏សោកសៅដែលបានកើតមាន និងការមិនអាចគ្រប់គ្រងដឹកនាំមន្ត្រីរអោយបំពេញការងារបានល្អនាំអោយកើតមានរឿងអកុសលបែបនេះ។ 

ជាមួយនឹងការចាកចេញនេះដែរ នៅក្នុងកាស ក្នុងឱកាសនៃកិច្ចប្រជុំបូសរុបលទ្ធភលការងារប្រចាំខែមិថុនាឆ្នាំ២០១៩និងលើកទិសដៅការងារសម្រាប់ខែកក្កដា កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ២០១៩ ម្សិលមិញនេះ  ឯកឧត្តម យន្ត មីន ក៏បានឆ្លៀតពេលផ្ដាំផ្ញើដល់មន្ត្រីទាំងឡាយ ត្រូវខិតខំបម្រើប្រជាជនដោយស្មោះត្រង់និងយកច្បាប់ជាគោល ។ 

ឯកឧត្តម យន្ត មីន បានថ្លែងអំណរគុណចំពោះមន្ត្រីតាមមន្ទីរអង្គភាពទាំងឡាយដែលបានខិតខំព្រមទាំងបានគាំទ្រការដឹកនាំរបស់លោករយៈពេលជិត៤ឆ្នាំកន្លងមកនេះ បានធ្វើអោយខេត្តព្រះសីហនុ មានការអភិវឌ្ឍ ជីវភាពប្រជាជនបានធូធារដូចសព្វថ្ងៃនេះនិងបានផ្តាំផ្ញើមន្ត្រីទាំងឡាយត្រូវខិតខំបំរើប្រជាជនដោយស្មោះត្រង់និងយកច្បាប់ជាគោល។

មុនពេលឯកឧត្តម យន្ត មីន ត្រូវផ្ទេរចេញទៅ លោកបានផ្តាំផ្ញើជាចុងក្រោយដល់មន្ត្រីរបស់លោកអោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖

១. បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ ២.បរិស្ថាន(ការគ្រប់គ្រងសំណល់រឹង /រាវ) ៣.ពិនិត្យភាពស្របច្បាប់របស់ជនបរទេសមករកស៊ីនៅក្រុងព្រះសីហនុដើម្បីកុំអោយប្រជាជនថ្នាំងថ្នាក់ ៤.ការគ្រប់គ្រងសំណង់ លោកស្នើអោយធ្វើអោយបានម៉ឺងម៉ាត់ស្របតាមច្បាប់ កន្លងមកមន្ត្រីហាក់មានការធ្វេសប្រហែសណាស់ ៥.បញ្ហាភាពអនាធិបត្តេយ្យដីធ្លី ត្រូវតែទប់ស្កាត់ដោះស្រាយអោយបាន។កើតមានក្នុងដែនដីស្រុកណាស្រុកនោះទទួលខុសត្រូវ ៦.ស្នើរដ្ឋបាលក្រុងលៃលករៀបចំ street food (កន្លែងលក់អាហារតាមចិញ្ចើមផ្លូវអោយពលរដ្ឋលក់ដូរពេលយប់)៧.ការងារគ្រប់គ្រង អូរ ប្រឡាយ ត្រូវធ្វើអោយបានម៉ឺងម៉ាត់ទប់ស្កាត់ការរំលោភអោយបាន ៨.បន្តចុះពិនិត្យការធ្វើអាងប្រព្រឹត្តិកម្មតាមទីតាំងសំណង់ទាំងអស់ឡើងវិញ ៩.ពង្រឹងសេវាសាធារណៈជូនពលរដ្ឋអោយបានល្អ លឿន មានគុណភាព តម្លាភាព និងគណនីភាព ដើម្បីអោយប្រជាជនទុកចិត្តបាន ១០.យកចិត្តទុកដាក់ក្នុងការងារដោះស្រាយទំនាស់ដីធ្លីជូនប្រជាជន ១១.ពង្រឹងឯកសាររដ្ឋបាលអោយបានត្រឹមត្រូវច្បាស់លាស់ ១២.ការអនុវត្តការងារត្រូវយកច្បាប់ជាគោល។

គួរបញ្ជាក់ថា ថ្វីបើឯកឧត្ដម យន់ មីន បានលាលែងពីដំណែកអភិបាលខេត្តព្រះសីហនុ តែលោកក៏ត្រូវបានតម្លើងឋានន្តរស័ក្ដិជា នាយឧត្ដមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕