ភ្នំពេញ ៖ ក្រោយពីអង្គភាពសារព័ត៌មាន KBN ចុះផ្សាយពីជីវប្រវត្តិឯកឧត្តម គួច ចំរើន ដែលត្រូវផ្ទេរតំណែងពី អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ទៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាផ្លូវការនៅស្អែកនេះ ត្រង់ចំណុចមួយដែលសរសេរថា ៖ « នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៩០ ដល់ថ្ងៃទី២៨មីនា ឆ្នាំ១៩៩១ មានតួនាទីជាប្រធានខ នៅសាលាវប្បធម៌កងទ័ព»។ ក្រោយពីបានអានជីវប្រវត្តិនេះហើយ  ឯកឧត្តម គួច ចំរើន បានផ្ញើសារជាសំឡេងបញ្ជាក់មកអង្គភាព KBN វិញ ថាឃើញខុសបន្តិច មិនមែនប្រធានខ សាលាកងទ័ពទេ គឺជាសិក្ខាកាមនៅសាលាវប្បធម៌កងទ័ព ។

អង្គភាពសារព័ត៌មាន KBN សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះឯកឧត្តម គួច ចំរើន ដែលបានបញ្ជាក់ឲ្យកាន់តែច្បាស់ពីជីវប្រវត្តិនេះ។

សូបបញ្ជាក់ថា កាលពីម្សិលមិញ (ថ្ងៃទី២៧ ខែមិថុនា) អង្គភាពសារព័ត៌មាន KBN  បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា « តើលោកគួច ចំរើន មានប្រវត្តិបែបណា បានសម្តេចហ៊ុន សែន សរសើរថា ជាមនុស្សខ្លាំង » មានខ្លឹមសារថា ៖ 

លោកគួច ចំរើន  នឹងត្រូវចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ  ជំនួសលោកយន្ត មីន ដែលសុំលាលែងចេញពីតំណែង  ក្រោយពីមានហេតុការណ៍សោកនាដកម្មរលំបាក់អគារកម្ពស់៧ជាន់ ដែលសាងសង់គ្មានច្បាប់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស២៨នាក់ស្លាប់ និង២៦នាក់រងរបួស។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ លោក គួច ចំរើន គឺជាមនុស្សមានសមត្ថភាព និងយល់ដឹងអំពីការងារគ្រប់គ្រងរដ្ឋបាល។ សម្តេចបានអះអាងថា ខេត្តព្រះសីហនុ គឺត្រូវមានអភិបាលដែលខ្លាំង ដូចលោកគួច ចំរើន ជាអ្នកគ្រប់គ្រង។

លោកគួច ចំរើន កើតនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ នៅភូមិតាព័រលើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ លោកជាកូនទី៤ ក្នុងចំណោមបងប្អូនទាំង៥នាក់ មានឪពុកបង្កើតឈ្មោះ គួច ណាំហេង បានទទួលមរណកាលក្នុងរបបប៉ុល ពត  និងម្តាយឈ្មោះសុខ ឈាង កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៤ នៅភូមិត្នោត ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ។

ក្រោយថ្ងៃរំដោះថ្ងៃ៧មករា ឆ្នាំ១៩៧៩ លោកគួច ចំរើន បានចូលរៀនថ្នាក់ដំបូងក្រោមផ្ទះមួយ នៅក្នុងភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ចូលដល់ថ្នាក់ទី២ បានទៅរៀននៅសាលាគំរូកំពង់ក្តី និងបានបន្តការសិក្សារហូតដល់ចប់ចំណេះដឹងទូទៅនៅសាលា១០មករា សៀមរាប។ លោកបានចូលបម្រើការងារជាកងទ័ព នៅយោធាខេត្តសៀមរាប នៅថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៨៩ មានតួនាទីជាប្រធានខ នៃការិយាល័យកំណែនយោធាខេត្ត ។ នៅថ្ងៃទី១៥កញ្ញា ឆ្នាំ១៩៨៩ ត្រូវបានអង្គភាពបញ្ជូនទៅសិក្សានៅសាលាវប្បធម៌កងទ័ពស្វាយរលំ ខេត្តកណ្តាល។ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៩០ ដល់ថ្ងៃទី២៨មីនា ឆ្នាំ១៩៩១ ជាសិក្ខាកាមនៅសាលាវប្បធម៌កងទ័ព។

ក្រោយបញ្ចប់ការសិក្សាចំណេះដឹងទូទៅនៅសាលាវប្បធម៌កងទ័ព ក្រសួងការពារជាតិបានជ្រើសរើសយករូបលោកឲ្យទៅបន្តការសិក្សានៅមហាវិទ្យាល័យបច្ចេកទេសកងទ័ពប្រទេសវៀតណាម តែក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មក កងទ័ពដែលបានបញ្ជូនទៅរៀននៅបរទេសទាំងអស់ ត្រូវបានក្រសួងការពារជាតិ ឲ្យត្រឡប់ចូលមកស្រុកវិញ នៅឆ្នាំ១៩៩១។ ពេលត្រឡប់ចូលស្រុកវិញ លោកគួច ចំរើន បានចូលទៅនៅអង្គភាពង៧០ និងបានស្នាក់នៅបណ្តោះអាសន្នមួយរយៈពេលខ្លី នៅសាលាយោធាឫស្សីកែវ ហើយបានបន្តទៅនៅក្នុងកងពលលេខ៧ (នៅឧដុង្គ) រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៩៣ ក្រសួងការពារជាតិ បានស្នើទៅក្រសួងអប់រំ ឲ្យជួយបើកសាលាបណ្តុះបណ្តាលដល់នាយទាហានដែលរៀនមិនទាន់ចប់មកពីបរទេស ឲ្យរៀនបន្តដល់ចប់ ។ ប៉ុន្តែដោយសារប្រទេសកម្ពុជា នៅពេលនោះ មិនទាន់មានសាលាបច្ចេកទេស (រថក្រោះ) កងទ័ពនៅឡើយ លោកក៏ត្រូវបានផ្ទេរទៅរៀននៅមហាវិទ្យាសាស្រ្តសេដ្ឋកិច្ច និងនីតិសាស្រ្ត (សាលាច្បាប់)  ដល់ចប់ ហើយក៏ផ្ទេរក្របខណ្ឌចេញពីក្រសួងការពារជាតិ ទៅក្រសួងមហាផ្ទៃ និងមកបម្រើការងារ នៅសាលាក្រុងភ្នំពេញ។ 

ពីឆ្នាំ១៩៩៨ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ លោកគួច ចំរើន ជាបុគ្គលិកចាត់តាំងនៅសាលាខណ្ឌចំការមន ។

 ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤ ជាអភិបាលរងខណ្ឌចំការមន។

 ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ជាអភិបាលខណ្ឌមានជ័យ ។

ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ជាអភិបាលខណ្ឌដូនពេញ។

ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ជាអគ្គនាយករងនៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។ 

ចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់បច្ចុប្បន្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

លោកគួច ចំរើន មានភរិយាឈ្មោះអ៊ូ ធីតាពៅ កើតថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨៤ មានមុខរបរជាមេធាវី ស្នាក់នៅផ្ទះលេ១៤ ផ្លូវលេខ៤៤៦ ភូមិ៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានកូនប្រុសបីនាក់ ឈ្មោះគួច ចំរើនរដ្ឋ , គួច ចំរើនជាតិ និង គួច ចំរើនភព អ្នកទាំងបីកំពុងសិក្សា៕