ភ្នំពេញ ៖ បន្ទាប់​ពី​រូបភាព​វី​ដេ​អូ បង្ហាញពី​លោក​ជា ពិសី ដេក​លក់លើកៅអ៊ី ក្នុង​ទិវា​គ្រឿងញៀន នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី២៦ ខែមិថុនា ​ម្សិលមិញ ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​២៧ មិថុនា​នេះ លោក​ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ បាន​ចេញ​មក​បកស្រាយ​ថា មក​ពី​លោក​អត់ងងុយ​ខ្លាំង​ពេក មិន​អាច​ទ្រាំ​បាន​ក៏​សំងំ​មួយសន្ទុះ ដោយសារ​តែ​ជាប់​កំដ​ម្ដាយ​របស់​លោក​ឈឺ​ធ្ងន់ ហើយ​ម្យ៉ាងទៀត ដោយសារ​លោក​មាន​បញ្ហា​សុខភាព​ថែម​ទៀត ។

យោង​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា «​កាលពី​ថ្ងៃ​២៦ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ Page Facebook មួយ​ចំនួន បាន​បង្ហោះ រូបភាព និង វី​ឌី​អូ អំពីខ្ញុំ គ្រា​ដែល​ខ្ញុំបាទ​បាន​បិទ​ភ្នែ​ភ សំងំ​មួយសន្ទុះ ដោយសារ​ភាព​អស់កម្លាំង បូក​រួម​ទាំង​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ផង​នោះ ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាល​ម្សិលមិញ​នៅ​កោះ​ពេជ្រ ដោយ​បាន​បង្ហោះ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម ។

ខ្ញុំបាទ​សូម​ឆ្លើយ​តប និង​បកស្រាយ​ជូន សាធារណៈ​មតិ​មេត្តា​ជ្រាប​ថា ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ ម្ដាយ​ជរា​របស់ខ្ញុំ អាយុ ៨០​ឆ្នាំ កំពុង​មាន​ជំងឺ​ជា​ទម្ងន់ និង​កំពុង​សម្រាក​ព្យាបាល នៅ​ឯ​មន្ទីរពេទ្យ ។ កាតព្វកិច្ច​ដ៏​ធំ​បំផុត​របស់ខ្ញុំ ក្នុង​នាម​ជា​កូន​កតញ្ញូ​មួយ​រូប ខ្ញុំ​តែងតែ​ទៅ​មើលថែ​ទាំ​ម្ដាយ​របស់ខ្ញុំ ស្ទើរតែ​រៀង​រាល់​យប់​ក្រោយ​បាន​សម្រាក​ពី​ការ​ដឹកនាំ​ការងារ​រដ្ឋបាល​រួច​មក ។

គាប់​ជួន នៅ​យប់​ថ្ងៃ​ទី​២៥ ខែមិថុនា កន្លង​មកនេះ ខ្ញុំបាទ បាន​ទៅ​មើលថែ​ម្ដាយ​ជរា ឈឺ​ធ្ងន់ រហូត​ដល់​ម៉ោងជាង​២​យប់​រំលោង​អា​ធ្រា​ត​ថ្ងៃ​ទី​២៦ ខែមិថុនា ទើបនឹង​បាន​សម្រាក​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ វេលា​ម៉ោង​៥​ព្រឹក ខ្ញុំបាទ​ត្រូវ​ក្រោក ពី​ព្រឹក​ព្រលឹម ដើម្បី​ទៅ​ដឹកនាំ​កម្លាំង​មហាជន ចូលរួម កម្មវិធី នៅ​ឯ​កោះ​ពេជ្រ​ទៀត ។

ខ្ញុំបាទ​សូម​ការ​អធ្យាស្រ័យ​ពី​សាធារណៈ​មតិ​ទូ​ទាំង​ប្រទេស ពិសេស ខ្ញុំបាទ សូម​ការ​អភ័យទោស​ដ៏​ខ្ពង់ខ្ពស់​ពី ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ចំពោះ​កាយវិការ​មិន​សមរម្យ​ក្នុង​អង្គពិធី កាលពី​ម្សិលមិញ ដោយ​អ​ចេតនា​នេះ ដោយសារ​តែ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​របស់ខ្ញុំ​បាទ ។ សូម​អរគុណ​សម្រាប់​ការ​ដាស់តឿន​ក្នុង​ន័យ​ស្ថាបនា​» ។

នៅ​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្រារព្ធ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ៕