ក្រចេះ ៖ ករណី​ប្រទះ​សាកសព​យុវជន​ម្នាក់ ត្រូវ​បាន​គេ​ដុត​ឆេះ​ខ្លោច រួម​ជាមួយ​ម៉ូតូ នៅ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង ក្បែរ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន លោក​ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ករណី​នេះ​សង្ស័យ​ជា​រឿង​គំនុំ កើតឡើង​ក្នុង​រង្វង់​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ក្នុង​ចម្ការ​កៅស៊ូ ស្ថិត​នៅ​ក្បែរ​ភូមិ​ដូន​ប៉ុក ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។

លោក​អធិការ បាន​បញ្ជាក់​ថា យុវជន​រូប​នេះ ឈ្មោះ ខុ​ម សិទ្ធ អាយុ​២៣​ឆ្នាំ រស់​ក្នុងភូមិ​កើតហេតុ​ខាងលើ ជា​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​ធ្លាប់​បែក​ថ្នាំ​ផង​ដែរ ។

លោក​អធិការ បាន​ថ្លែង​ទៀត​ថា ស្ថិត​នៅ​កន្លែង​កើតហេតុ បាន​បន្សល់​ទុក​កំប៉ុង​ស្រា​បៀរ និង​ប្រអប់​សាច់​ក្លែម​មួយ​ចំនួន ហើយ​នគរបាល​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​ច្បាស់ ជុំវិញ​ករណី​នេះ ។

បើ​តាម​ក្រុម​គ្រួសារ​សព បាន​ប្រាប់​នគរបាល​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ជន​រង​គ្រោះ​បាន​សុំ​លុយ​អ្នក​ផ្ទះ​ចំនួន​២​ពាន់​រៀល ដើម្បី​ទៅ​កាប់​អុស​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ ហើយ​នៅ​ពេល​ទៅ​នោះ ជន​រង​គ្រោះ​បាន​យក​កាំបិត​ផ្គាក់​ទៅ​ជាមួយ​ផង ។ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​បាត់​មិនឃើញ​ត្រឡប់​មក​វិញ​ទេ ។ លុះដល់​ពេល​រសៀល មាន​ក្រុម​កម្មករ​ចម្ការ​កៅស៊ូ​រាយការណ៍​មក​នគរបាល​ថា មាន​ករណី​មនុស្ស​ឆេះ​ស្លាប់​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ ។

ក្រោយ​ពី​ឃើញ​សាកសព​ដុត​ឆេះ​ខ្លោច មន្ត្រី​នគរបាល​ក្នុង​មូលដ្ឋាន បាន​មិ​ន្ត​ព្រះសង្ឃ​បំ​ស្សុ​កូ​ល នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។ ទោះ​បែប​ណា ការ​ប្រទះ​ឃើញ​សព​ឆេះ​រួញ​ក្រញង់​ជាមួយនឹង​ម៉ូតូ​នេះ នគរបាល​ព្រហ្មទណ្ឌ​ស្រុក នៅ​បន្ត​ស្រាវជ្រាវ​នៅឡើយ​ទេ ៕