ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ជាអ្នកបាញ់មេអាប៉ោងម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងប្រជាការពារភូមិ រាយការណ៍ទៅសមត្ថកិច្ច កាលពីវេលាម៉ោង០៩ និង៣០នាទី យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នៅលើផ្លូវក្រាលក្រួសក្រហម ចំណុចទំនប់តានង ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង ។ ករណីនេះសង្ស័យតែបុរសជាមេល្បែងអាប៉ោងរូបនោះប្រើល្បិចបញ្ជាអាប៉ោងតាមតេឡេ ហើយអ្នកចាក់អាប៉ោងនោះចាញ់ អស់លុយ ដឹងពីល្បិចប្រើតេឡេបញ្ជានោះ ក៏ចាប់យកមេអាប៉ោងនោះ មកបោកឲ្យបែកខ្ទេចភ្លាមៗ ធ្វើឲ្យបុរសរងគ្រោះភ័យពេក ក៍ប្រឹងរត់រហូតដាច់ខ្យល់ស្លាប់តែម្តង ។


មន្រ្តីនគរបាលជំនាញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះឈៀង ហ៊ី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាងសង់ផ្ទះ ពេលទំនេរដើរបាញ់មេអាប៉ោង មានទីលំនៅភូមិស្នោរទី២ សង្កាត់សុព័រទេព ក្រុងច្បារមន ។
មុនពេលកើតហេតុ បុរសរងគ្រោះបានណាត់គ្នាទៅលេងអាប៉ោងនៅចម្ការស្វាយមួយកន្លែង ក្នុងឃុំទ័ពមាន ស្រុកថ្ពង ។ ពេលនោះបុរសរងគ្រោះឈ្នះលុយជាច្រើន មានទាំងមាសថែមទៀតផង ។ ដោយចាញ់ច្រើនពេក ធ្វើឲ្យអ្នកចាក់មានការសង្ស័យថា មានបក្ខពួកម្នាក់ទៀតដេកនៅអង្រឹងជាអ្នកបញ្ជាអាប៉ោងនោះតាមតេឡេ ក៏ចាប់យកមេអាប៉ោងនោះ មកបោកឲ្យបែកខ្ទេចភ្លាមៗ ។


ប្រភពដដែលបន្តថា ក្រោយពេលបែកការណ៍ បុរសរងគ្រោះទំនងជាខ្លាចអ្នកលេងអាប៉ោងជាមួយប្រើអំពើហិង្សាមកលើខ្លួន ក៏ប្រឹងរត់គេចពីកន្លែងលេង រហូតមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានដួលផ្កាប់មុខលើផ្លូវក្រួសក្រហម ក៏ដាច់ខ្យល់ស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានត្រឹមដេកការពារសពសិន រហូតព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ទើបសមត្ថកិច្ចជំនាញខេត្ត រួមជាមួយគ្រូពេទ្យ ចុះមកពិនិត្យ រួចបញ្ចាក់ថា សពពិតជាស្លាប់ដោយសារតែដួលបោកនិងដី ហើយគាប់ជួនបុរសរងគ្រោះមានជំងឺលើសឈាមថែមទៀតនោះ ទើបបណ្តាលឲ្យដាច់ខ្យល់ស្លាប់បែបនេះ និងបានប្រគល់សពជូនក្រុមក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕