ស្រាវជ្រាវដោយៈ ឈឹម សេរីភួន ៖  ក្នុងអំឡុងទសវត្សឆ្នាំ១៩៤០ ចលនាតស៊ូប្រដាប់អាវុធជាច្រើនក្រុម មានទាំងខ្មែរឥស្សរៈកុម្មុយនិស្ត និងមិនមែនកុម្មុយនិស្ត បានរួបរួមគ្នាបង្កើត“សមាគមខ្មែរឥស្សរៈ”មួយ ដើម្បីរួមកម្លាំងគ្នាតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំងសែស ក្នុងអំឡុងទស្សវត្តទី ១៩៤០ ។ ក្នុងនោះចលនាតស៊ូខ្មែរឥស្សរៈមួយ មានគ្នាប្រមាណ២០០ នាក់ បានជួបជំគ្នានៅក្នុងខេត្តកំពត ក៍បានបង្កើតចលនាខ្មែរឥស្សរៈកុម្មុយនិស្តមួយ ដោយមាន សឺង ង៉ុកមិញ ជាអតីតព្រះសង្ឃនៅវត្តឧណ្ណាលោម ជាប្រធាន , ចាន់ សម័យ ជាអនុប្រធាន និងស៊ីវ ហេង ជាលេខាធិការ ។ មេដឹកនាំចលនានេះស្ទើរតែទាំងអស់ គឺជាជនជាតិខ្មែរដែលចេះនិយាយភាសាយួន និងជាសមាជិកបក្សកុម្មុយនិស្ដឥណ្ឌូចិន ដែលបានបង្កើតឡើងដោយ ហូ ជីមិញ តាំងពីឆ្នាំ១៩៣០។ 

នៅក្នុងឆ្នាំ១៩៥១ បក្សកុម្មុយនិស្ដឥណ្ឌូចិន ត្រូវបំបែកទៅជាបក្សកុម្មុយនិស្ដតាមប្រទេសរៀងៗខ្លួន។ ដោយមានការជួយជ្រោមជ្រែងពីពួកកុម្មុយនិស្តវៀតមិញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មេដឹកនាំចលនាខ្មែរឥស្សរៈកុម្មុយនិស្ត បានបង្កើតបក្សរបស់ខ្លួនមួយឈ្មោះបក្សប្រជាជនបដិវត្តន៏ខ្មែរ  ដោយមានសឺង ង៉ុកមិញ ដែលគេស្គាល់ថា អាចារ្យមៀន ជាលេខាគណៈកម្មាធិការមជ្ឈិមបក្ស , ស៊ីវ ហេង ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ទទួលបន្ទុកកិច្ចការយោធា , ទូ សមុត ដែលគេស្គាល់ថា អាចារ្យ សុខ (មកពីកម្ពុជាក្រោម) ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ទទួលបន្ទុកផ្នែកមនោគមវិជ្ជា និងចាន់ សម័យ ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ។

ក្រោយពីមានកិច្ចព្រមព្រៀងសន្ដិភាព នៅសន្និសីទក្រុងហ្សឺណែវ ខែកក្កដា ឆ្នាំ១៩៥៤ មក កងទ័ពកុម្មុយនិស្តវៀតមិញ ត្រូវដកចេញពីកម្ពុជា ហើយកងទ័ពបារាំង ក៍ត្រូវដកចេញឲ្យអស់ពីឥណ្ឌូចិន ដែរមក បក្សប្រជាជនបដិវត្តន៍ខ្មែរក៏បែកខ្ញែកគ្នាជាបីក្រុម៖

សឺង ង៉ុកមិញ មេដឹកនាំបក្សប្រជាជនបដិវត្តន៏ខ្មែរ និង ហូ ជីមីង

ក្រុមទី១ រួមមាន សឺង ង៉ុកមិញ, កែវ មុន្នី, ម៉ី ផូ, រ័ត្ន សាមឿន, ប៉ែន សុវណ្ណ ជាដើម (កាលនោះ ប៉ែន សុវណ្ណ នៅជាយុទ្ធជនតូចតាចនៅឡើយ) បានសម្រេចចិត្តចាកចេញពីមាតុប្រទេស ទៅរស់នៅវៀតណាមភាគខាងជើង តាមកងទ័ពកុម្មុយនិស្តវៀតមិញ ដែលត្រូវដកចេញពីកម្ពុជាដែរ ។

ឯក្រុមទី២ រួមមាន៖ ទូ សាមុត, ស៊ីវ ហេង, នួន ជា, សោ ភឹម ជាដើម នៅបន្តសកម្មភាពតស៊ូជាសម្ងាត់ នៅក្នុងប្រទេសកម្ពុជា។

ចំណែកក្រុមទី៣ រួមមាន៖ កែវ មាស, នង សួន, ប៉ែន យុទ្ធ , ជូ ជេដ្ឋ ជាដើម បានបង្កើតជាគណបក្សស្របច្បាប់មួយ ឈ្មោះថា “គណបក្សប្រជាជន” ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ឆ្នាំ១៩៥៥ ដើម្បីប្រកួតប្រជែងគ្នាជាមួយចលនាសង្គមរាស្រ្តនិយម របស់សម្ដេចសីហនុ ។ ក៏ប៉ុន្តែ ក្រុមទាំង៣នេះនៅតែបន្តទាក់ទងគ្នាជាប្រចាំ។ តែមិនយូរប៉ុន្មាន ស៊ីវ ហេង ក៏បានត្រឡប់មកមាតុភូមិកម្ពុជាវិញ អមដំណើរដោយ នួន ជា និងកម្មាភិបាលជាន់ខ្ពស់ផ្សេងទៀតមួយចំនួនទៀត ។ ស៊ីវ ហេង ជាពូសាច់ថ្លៃរបស់ នួន ជា ។ ប្រពន្ធស៊ីវ ហេង ត្រូវមីងបង្កើតរបស់ នួន ជា។

សៀវ ហាង ពេលប្រជុំ បក្សកុម្មុយនិស្តឥណ្ឌួចិន (កម្ពុជា វៀតណាម ឡាវ) ឆ្នាំ ១៩៥០

ឈ្មោះសឺង ង៉ុកមិញ ឈ្មោះដើមហៅថា ផាម វ៉ាន់ផា កើតនៅខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ១៩០៤ មានឪពុកជាខ្មែរកម្ពុជាក្រោម និងម្តាយជាជនជាតិវៀតណាម នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម មកប្រកបរបរជាអ្នកនេសាទនៅខេត្តកំពង់ឆ្នាំង ។ នៅឆ្នាំក្នុង១៩៣២ ឪពុករបស់គាត់ បានណែនាំឲ្យចូលជាសមាជិកក្នុងចលនាសម្ព័ន្ធស្នេហាជាតិ តាយ ណាម ដែលឪពុកគាត់ជាសមាជិកមួយរូបដែរ។ លុះដល់ឆ្នាំ១៩៣៦ គាត់មានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្ដឥណ្ឌូចិន តាមរយៈជនជាតិវៀតណាមម្នាក់ ឈ្មោះ ង្វៀន ថាញ់ស៊ឺន ជាកម្មាភិបាលបក្សកុម្មុនិស្តឥណ្ឌូចិន ទទួលបន្ទុកនៅណាមបូ-កម្ពុជា។ ក្រោយពីបារាំងរកចាប់ គាត់បានរត់គេចខ្លួនទៅវៀតណាមភាគខាងត្បូង។

សៀវ ហាង (រូបចាប់ដៃគ្នាជាមួយ មេដឹកនាំវៀតណាម) ឆ្នាំ ១៩៥០

ឆ្នាំ១៩៣៦ គាត់បានវិលត្រឡប់មកកម្ពុជាវិញ និងបានធ្វើការនៅរោងពុម្ព ដុង ហ្វៀង ហើយមានទំនាក់ទំនងជាមួយ ប៉ាច ឈឺន ជាអ្នកគ្រប់គ្រងកាសែតនគរវត្ត។ ក្នុងឆ្នាំ១៩៣៩ គាត់បានសាងភ្នួសនៅវត្តមួយ នៅខេត្តស្វាយរៀង និងមានឈ្មោះថា អាចារ្យមៀន ។ ក្រោយមក បានមកស្នាក់នៅនៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ។

រដ្ឋ សាមឿន មេដឹកនាំបក្សប្រជាជនបដិវត្តន៏ខ្មែរ ថតឆ្នាំ ១៩៥១

ក្រោយព្រឹត្តិការណ៍បង្រ្កាបបាតុកម្មរបស់ព្រះសង្ឃ ដឹកនាំដោយអាចារ្យ ហែម ចៀវ នៅក្រុងភ្នំពេញ ឆ្នំា១៩៤២ មក  គាត់បានរត់ភៀសខ្លួនទៅប្រទេសសៀម ហើយបានលាក់ខ្លួននៅទីនោះ ។ លុះដល់ឆ្នាំ ១៩៤៥ ជប៉ុន ធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីបារាំង ដើម្បីត្រួតត្រាប្រទេសកម្ពុជា គាត់ក៍បានវិលចូលស្រុកខ្មែរ ។ ពេលមកដល់ស្រុកខ្មែរវិញ ក៏បានទៅជួបនឹង ង្វៀន ថាញ់សឺន ក៏បានដាក់ផែនការណ៍ឲ្យគាត់រៀបចំបង្កើតចលនាខ្មែរឥស្សរៈ។

នៅពេលនោះ អាចារ្យមៀន បានដាក់ឈ្មោះខ្លួនឯងថា សឺង ង៉ុកមិញ គឺស្រដៀងគ្នានឹងឈ្មោះសឺង ង៉ុកថាញ់ បានជួបជាមួយ ស៊ីវ ហេង ដែលជាខ្មែរកម្ពុជាក្រោម ។ បន្ទាប់មកបានជួបទូ សាមុត ហើយបានរួមគ្នាបង្កើតចលនាខ្មែរឥស្សរៈកុម្មុយនិស្តមួយ ដោយមានការជួយឧបត្ថម្ភគាំទ្រទាំងស្រុងពីពួកវៀតមិញ និងបានបង្កើតបក្សប្រជាជនបដិវត្តន៏ខ្មែរ  នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។

ក្រោយពីត្រឡប់មកមាតុភូមិកម្ពុជាវិញ ដោយសារសឺង ង៉ុកមិញ ស្នាក់នៅឯវៀតណាមភាគខាងជើង  មេដឹកនាំបក្សប្រជាជនបដិវត្តន៍ខ្មែរ នៅក្នុងប្រទេស បានបង្កើតគណៈកម្មាធិការមជ្ឈិមបណ្តោះអាសន្នមួយ ដើម្បីដឹកនាំបក្សនៅក្នុងប្រទេសបន្តទៀត ដោយមាន ស៊ីវ ហេង ជាលេខាគណៈកម្មាធិការមជ្ឈិមបណ្តោះអាសន្ន និងទូ សាមុត ជាអនុលេខាគណៈកម្មាធិការមជ្ឈិមបណ្តោះអាសន្ន ទទួលខុសត្រូវផ្នែកសកម្មភាព និងការងាររបស់បក្សនៅទីក្រុងភ្នំពេញ ដោយមានជំនួយ២នាក់ គឺ នួន ជា ជាអតីតនិស្សិតមកពីសិក្សានៅប្រទេសថៃ និង សាឡុត ស (ប៉ុល ពត) ជាអតីតនិស្សិត) មកពីសិក្សានៅប្រទេសបារាំង ។ ក្នុងនោះ សាឡុត ស  បានជួយបង្កើតលក្ខន្តិកៈនិងកម្មវិធីនយោបាយរបស់បក្ស ។ 

នៅក្នុងឆ្នាំ១៩៥៦ ស៊ីវ ហេង បានធ្វើការទាក់ទងជាសម្ងាត់ជាមួយឧត្តមសេនីយ៏ លន់ នល់ ដែលជាអគ្គបញ្ជាការកងទ័ពរបស់សម្តេចព្រះនរោត្តម សីហនុ ហើយបានផ្តល់នូវការធានាសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនដល់ ស៊ីវ ហេង ដើម្បីឲ្យគាត់ចុះចូលក្នុងសង្គមជាតិវិញ។ 

រហូតមកដល់ដើមឆ្នាំ១៩៦០ បក្សប្រជាជនបដិវត្តន៍ខ្មែរ មានតែកម្មាភិបាលបក្សប្រហែល ៨០០នាក់ និងសាខាបក្សចំនួន២ នៅជនបទប៉ុណ្ណោះ ដែលនៅមានសកម្មភាពនិងដំណើរការពេញលេញ ។ សាខាបក្សទាំង២នោះ គឺ១ សាខាបក្សភូមិភាគបូព៌ា មានមូលដ្ឋាននៅខេត្តកំពង់ចាម ដឹកនាំដោយ សោ ភឹម  និងសាខាបក្ស ភូមិភាគនិរតី មានមូលដ្ឋាននៅខេត្តតាកែវ ដឹកនាំដោយ ឈិត ជឿន ហៅ តា ម៉ុក  ។ ចំណែក ទូ សាមុត, សាឡុត ស (ប៉ុល ពត)  និង នួន ជា បានបន្តការដឹកនាំសកម្មភាពបក្សនៅទីក្រុងភ្នំពេញ ដោយមានជំនួយពី អៀង សារី និង សុន សេន ជាបញ្ញវន្តធ្លាប់បានសិក្សានៅប្រទេសបារាំង ។ (នៅមានតភាគទី២ទៀត)

កែវ មាស ពេលប្រជុំនៅក្នុងសន្និសិទ្ធក្រុង ហ្សឺ ណែវ ឆ្នាំ ១៩៥៤