ខេត្តកំពត ៖ ម៉ែក្មេក​អាយុ​៧១​ឆ្នាំ​ម្នាក់ បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​កូនប្រសា​ប្រុស ដោយ​​អះអាង​ថា ខណៈ​ដែល​គាត់​កំពុង​ដេក​លង់លក់​នៅ​លើ​គ្រែ​ជាមួយនឹង​ចៅស្រី នៅ​ខាងក្រោម​ផ្ទះ ស្រាប់តែ​ពាក់កណ្តាល​យប់ ក៏​ត្រូវ​កូនប្រសា លប​បើក​មុង​ចូល​មក​ចាប់រំលោភ​គាត់ រហូត​ដល់​បាន​សម្រេច ប៉ុន្តែ​កូនប្រសា​បដិសេធ​ថា ខ្លួន​អត់​បាន​រំលោភ​ម៉ែក្មេក​ទេ ។

ករណី​ខាងលើ​នេះ ត្រូវ​បាន​ស្ត្រី​ជា​ម្តាយក្មេក​អះអាង​ថា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៣ មិថុនា ២០១៩ នៅ​ចំណុច​លើ​គ្រែ​ខាងក្រោម​ផ្ទះ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​សាលា​ខាងកើត ស្រុក​បន្ទាយមាស ។

ជនជាប់សង្ស័យ​រំលោភ​ម្តាយក្មេក​មានឈ្មោះ ឡាយ សារី​ម អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ ។ ចំណែក​លោកយាយ​អះអាង​ជា​ជន​រង​គ្រោះ មាន​អាយុ​៧១​ឆ្នាំ ។ ជន​រង​គ្រោះ​និង​ជនសង្ស័យ​ត្រូវជា​ម្តាយក្មេក និង​កូនប្រសា​នឹង​គ្នា សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជាមួយ​គ្នា ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ពាក្យបណ្តឹង​របស់​ម្ដាយក្មេក​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ខណៈ​ដែល​លោកយាយ​កំពុង​ដេក​លើ​គ្រែ​ក្រោយ​ផ្ទះ ជាមួយ​ចៅស្រី​អាយុ​៤​ឆ្នាំ ស្រាប់តែ​ជនសង្ស័យ​ជា​កូនប្រសា​របស់​គាត់​បាន​ចុះពីលើផ្ទះ មក​លប​បើក​មុង ចាប់រំលោភ​សេពសន្ថវៈ​រូប​គាត់ រហូត​ដល់​បាន​សម្រេច ។ ក្រោយ​ពី​ចាប់រំលោភ​គាត់​ឆ្អែតឆ្អន់​ហើយ កូនប្រសា​នោះ ក៏​ឡើង​ទៅ​សម្ងំ​ដេក​នៅ​លើ​ផ្ទះ​វិញ​បាត់ ធ្វើ​ដូច​អត់​ដឹង​រឿង ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយសារ​តែ​គាត់​ទ្រាំ​នឹង​ទ​ង្វើ​កូនប្រសា​មិន​បាន ក៏​សម្រេច​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ចាប់​យក​កូនប្រសា​នេះ ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​លោកយាយ​រង​គ្រោះ​រួច​មក នៅ​រសៀល​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ស្រុក​បន្ទាយមាស បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូនប្រសា នាំ​យក​ទៅ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បាន​ចាប់រំលោភ​ម៉ែក្មេក ដូច​អ្វី​ដែល​ម៉ែក្មេក​បាន​ចោទប្រកាន់​នោះ​ទេ ។

ជុំវិញ​ករណី​ម៉ែក្មេក​ប្រកាន់ កូនប្រសា​ប្រកែក​នេះ សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​សិន​រង​ចាំ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​រក​ការ​ពិត នឹង​ចាត់ការ​តាម​នីតិវិធី ៕