ភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃម្សិលមិញនេះថា ព្រះ​ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង បាន​គេច​ព្រះ​កាយ​ពី​វត្ត​បាត់​ហើយ ក្រោយ​បែកធ្លាយ​រឿងអាស្រូវ​កេរ្តិ៍​និង​រូបភាព​ជា​ច្រើន​សន្លឹក​ជាមួយ​ស្ត្រី​ម្នាក់នោះ នៅ​ថ្ងៃ​ទី​២៦ មិថុនា នេះ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​សាធារណជន​ជ្រាប​ថា ព្រះ​អង្គ​ចៅអធិការ​កំពុង​តែ​គង់​ក្នុង​វត្ត​ជា​ធម្មតា ដដែលទេ ។

មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹងតាម​រយៈ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា «​ក្នុង​នាម​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​សាធារណជន​ជ្រាប​ថា តាម​បណ្តាញ​ព​ត៌​មាន​សង្គម​មួយ​ចំនួន ដែល​បាន​ចុះ​ផ្សាយ​ថា ព្រះ​ចៅអធិការ​វត្ត​ពោធិ​ស​ត្ថា​រាម​(​វត្ត​ពោធិ៍​ចិន​តុង​) មិន​បាន​គង់នៅ​ក្នុង​វត្ត​ទេ គឺ​បាន​ភៀស​ព្រះ​កាយ​ចេញ​ទៅ​ក្រៅ​វត្ត​ជាដើម តែ​តាម​ការ​ពិត​នៅ​ពេល​ដែល​ក្រុមការងារ​នៃ​មន្ទីរ​ធម្មការ​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ក្នុង​វត្ត គឺ​ព្រះ​អង្គ​ចៅអធិការ​កំពុង​តែ​គង់​ក្នុង​វត្ត​ជា​ធម្មតា ។ ជា​ពិសេស នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ យើង​បាន​ពិនិត្យ និង​តាមដាន​សកម្មភាព​របស់​ព្រះ​អង្គ គឺ​ព្រះ​អង្គ​បាន​ធ្វើ​ដឹកនាំ គ្រប់គ្រង និង​ធ្វើ​សកម្មភាព​ជា​ធម្មតា ដូច​សព្វដង​ដដែល ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ មន្ទីរ​ធម្មការ​បាន​និមន្ត​ព្រះ​អង្គ​មក​កាន់​មន្ទីរ ដើម្បី​សាកសួរ​បន្ថែម​ពី​សកម្មភាព​ការងារ​ផ្សេង​ៗ​ក្នុង​វត្ត ។ ដូច្នេះ សូម​សាធារណជន ជ្រាប​ជា​ដំណឹង ។ ម្យ៉ាងទៀត សូម​ហាម​ដល់​ជន​ឆ្លៀតឱកាស​និង​ក្រុម​បណ្តាញ​សង្គម​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មួយ​ចំនួន​តូច ត្រូវ​ឈប់​ជា​បន្ទាន់ ចំពោះ​ការ​បង្ហោះ​អ្វី​ដែល​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​ព្រះសង្ឃ​ខ្មែរ និង​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ។ សូម​អរគុណ​!» ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ពី​មាន​រូបថត​ជា​ច្រើន​សន្លឹក​របស់ ភិក្ខុ វ៉ា​ន វ​ន្នី ព្រះ​ចៅអធិការ​វត្ត​ពោធិ​ស​ត្ថា​រាម (​ហៅ​ពោធិ៍​ចិន​តុង​) និង​នារី​ម្នាក់ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មហាជន​រិះគន់​ជា​ខ្លាំង​នោះ ព្រឹក​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា អាជ្ញាធរ និង​មន្ដ្រី​សង្ឃ​បាន​បើក​ការ​ប្រជុំ​បន្ទាន់​មួយ តែ​យ៉ាងណា សាមីខ្លួន​ទាំង​២ និង​មន្ត្រី​សង្ឃ​បាន​អះអាង​ថា ជា​រូបភាព​កាត់ត​របស់​ជនខិលខូច មាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​តែ​ប៉ុណ្ណោះ ។

ក្នុង​កិច្ចប្រជុំ​នោះ ភិក្ខុ វាន វ​ន្នី បាន​បដិសេធ​ថា រូបភាព​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ មិនមែន​ជា​រូប​ពិត​ទេ គឺ​ត្រូវ​បាន​ជនខិលខូច​កាត់ត ដើម្បី​បង្អួច​កិត្តិយស​របស់​ព្រះ​អង្គ និង​តម្លៃ​ព្រះពុទ្ធ​សាសនា​។
ចំណែក កញ្ញា លប ធីតា ជា​ម្ចាស់​រូប​ដែល​ត្រូវ​បាន​គេ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក និង​រង​ការ​ចោទប្រកាន់​ថា ជា​ស្រី​ស្នេហ៍​របស់ ភិក្ខុ វ៉ា​ន វ​ន្នី បាន​អះអាង​ថា នាង​ពុំ​មាន​ទំនាក់ទំនង អ្វី​ជាមួយ​សង្ឃ​វ៉ា​ន វ​ន្នី ទេ ហើយ​រូបថត​ទាំងនោះ គឺ​អ្នក​ដែល​បង្ហោះ​នោះ មាន​ចេតនា​បរិហារកេរ្តិ៍​បង្អួច​កិត្តិយស​នាង និង​ក្រុម​គ្រួសារ​។

នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ ទាំង​សាមីខ្លួន​នៅ​លើ​រូបថត​ទាំង​២ មន្ត្រី​សង្ឃ​សុទ្ធតែ​បាន​អះអាង​ថា រូបថត​របស់ ភិក្ខុ វ៉ា​ន វ​ន្លឺ ដេក​ឱប​កញ្ញា លប ធីតា ដែល​គេ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ សុទ្ធ​ជា​រូបភាព​កាត់ត គ្មាន​ការ​ពិត​ឡើយ ៕