កំពង់ឆ្នាំង ៖ រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ត្រូវ​នគរបាល​តាម​ចាប់ខ្លួន ក្រោយ​រង​ការ​ចោទ​ថា បាន​ប៉ង​ចាប់រំលោភ​អ្នកគ្រូ​ពេទ្យ​ម្នាក់ នៅ​ក្នុង​បន្ទប់ទឹក កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ។

វេជ្ជបណ្ឌិត​ត្រូវ​បាន​ឃាត់ខ្លួន ឈ្មោះ ហេង សេង​ហ៊ ជា​គ្រូពេទ្យ ផ្នែក​ពិគ្រោះ​ជំងឺ​ដំបូង នៅ​ក្នុង​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង ( គាត់​មាន គ្លីនិក​ឯកជន​មួយ នៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង តាម​ផ្លូវជាតិ​លេខ ៥ ដែល​មាន​ជំនាញ​ឯកទេស​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក មនុស្ស​ចាស់ និង​កុមារ ) ។

លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ថ្លែងប្រាប់​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១០៩ នេះ​ថា កម្លាំង​នគរបាល​របស់​លោក​ពិតជា​បាន​ឃាត់ខ្លួន​វេជ្ជបណ្ឌិត​នោះ​ប្រាកដ​មែន ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ ដែល​ជា​គ្រូពេទ្យ​ដូច​គ្នា​ថា​ បាន​ចាប់រំលោភ​នាង​តែ​មិន​បាន​សម្រេច ។

បើ​តាម​ពាក្យបណ្តឹង​របស់​បុគ្គលិក​ពេទ្យ​ជា​ស្ត្រី​រូប​នោះ បាន​ប្ដឹង​ទៅ​ស្នងការ​ខេត្ត ដោយ​បាន​ចោទប្រកាន់​ថា គ្រូពេទ្យ​នោះ​ថា បាន​ប៉ុនប៉ង​ចាប់រំលោភ​លើ​រូប​នាង​នៅ​ក្នុង​បន្ទប់​ទឹកតែ​មិន​បាន​សម្រេច កាលពី​វេលា​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ខណៈ​នាង​បាន​ចូល​ក្នុង​បន្ទប់ទឹក​នា​ពេល​យប់​នោះ ហើយ​ត្រូវ​វេជ្ជបណ្ឌិត​រូប​នោះ​ចូល​ទៅ​តាម​ក្រោយ​ដោយ​ចាប់​ឱប​នាង​ពីក្រោយ​ប៉ុនប៉ង​ផ្តួល​និង​រំលោភ ប៉ុន្តែ​ត្រូវ​បាន​នាង​រើបម្រះ​រួច​ហើយ​រត់​ចេញ​ក្រៅ​សំដៅ ទៅ​គ្រែ​ដេក​របស់​នាង​នៅ​ក្នុង​មន្ទីរពេទ្យ ។ តែ​លោកគ្រូ​ពេទ្យ​រូប​នោះ​នៅ​តែ​តាម​នាង​រហូត​ទៅ​ដល់​បន្ទប់ដេក​ទៀត ដោយ​ចាប់​នាង​អង្អែល​ភ្លៅ ធ្វើ​អោយ​នាង​ភ័យ​ហើយ​រត់​ចេញពី​បន្ទប់ដេក​នោះ​ទៅ​ដេក​ជាមួយ​មិត្ត​ភ​ក្កិ​របស់​នាង​ដែល​ជា​គ្រូពេទ្យ​ដូច​គ្នា ។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៥​មិថុនា សមត្ថកិច្ច​កំពុង​តែ​ប្រមូល​ភស្តុ​តាង​ទាក់ទង​នឹង​រឿងហេតុ និង​កំពុង​តែ​ត្រួតពិនិត្យ​ទៅ​លើ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​មន្ទីរពេទ្យ​ផ្ទាល់​តែ​ម្ដង ។ ក្រោយ​ពិនិត្យ​មើល កាមេរ៉ា​សុវត្ថិភាព​ក្នុង​មន្ទីរពេទ្យ បានឃើញ​នូវ​សកម្មភាព​ខាងលើ​នេះ ពិតជា​កើត​មាន​ពិតមែន ។

ទាក់ទង​ក្នុង​រឿង​នេះ ជនសង្ស័យ​ជា​វេជ្ជបណ្ឌិត​រូប​នេះ បាន​ទួល​ស្គាល់​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ទៅ​លើ​គ្រូពេទ្យ​ក្រមុំ​នោះ​ពិតមែន គឺ​គ្រាន់តែ​ឱប​នាង​ពីក្រោយ​ប៉ុណ្ណោះ ដោយ​ជនសង្ស័យ​ព្រម​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ ចំនួន​៨​ពាន់​ដុល្លារ ដើម្បី​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ ។ ប៉ុន្តែ​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​បែប​នេះ ភាគី​ខាង​នារី​រង​គ្រោះ មិន​ព្រម​ទទួលយក​ឡើយ ដោយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​តាម​ច្បាប់​ទើប​នាង​សុខចិត្ត ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កំពុង​តែ​សួរនាំ​លោក​ដុក​ទ័​រ ហេង សេង​ហ៊រ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ តាម​ច្បាប់ ៕