ភ្នំពេញ៖ ករណីបាក់រលំអគារកំពុងសាងសង់កម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដែលបានបង្កសោកនាដកម្មផ្តាច់ជីវិតមនុស្ស២៨នាក់ និងអ្នករងរបួសមានចំនួន២៦នាក់ ហើយជនរងគ្រោះទាំងអស់សុទ្ធតែជាកម្មករសំណង់ជនជាតិខ្មែរ។ ក្រោយពីបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះរងគ្រោះ ក្រុមសង្រ្គោះបន្ទាន់ចំនួន១៤៨៧នាក់ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីបឧបត្ថម្ភប្រាក់លើកទឹកចិត្តចំនួន១៥២២០០ដុល្លារ។


យោងតាមហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហោះថា « អាស្រ័យដោយក្តីអាណិតស្រឡាញ់ ចំពោះជនរងគ្រោះ សប្បុរសជននៅបន្តជួយឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើនឡើងពី2,198,400$ដល់2,368,400$។ ដោយដក៣០មុឺនដុល្លាចែកជូនអ្នកត្រូវ
របួសថវិការនៅសល់សម្រាប់ចែកជូនក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន
1,898,400$ដល់2,068,400$ ដែលធ្វើអោយគ្រួសារសពម្នាក់ៗទទួលបានកើនពី67,800$ដល់73,870$។


យើងនៅតែបន្តទទួលជំនួយឧបត្ថមនេះតទៅទៀតដែលក្នុងឱកាស់នេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។ លោកសេង ទៀង នឹងចាត់ចែងបញ្ជូនថវិការនេះទៅកាន់គ្រួសារសពនៅពេលបិទបញ្ចប់ការទទួលជំនួយតាមរយះធានាគារ។


ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថាយប់ម៉ិញនេះនៅមុនម៉ោង១២យប់ខ្ញុំបានឱ្យលោក
សេង ទៀង យកថវិការខ្ញុំទៅចែកជូនកម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ ក្នុងនោះនារី៣៥នាក់ ដោយម្នាក់ៗជាបុរសទទួលបាន100$ ជានារីទទួលបាន200$ អស់ទឹកប្រាក់152,200$។ ខ្ញុំនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះ ដើម្បីឆ្លើយតបនិងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ។ ថវិការដែលទទួលបានពីសប្បុរសជន
ប្រើប្រាស់សម្រាប់តែអ្នកស្លាប់និងរបួសប៉ុណ្ណោះ»៕