ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់) ។

ជនសង្ស័យ​ឈ្មោះ អោ​ក ធា​រ៉ូ ភេទ​ប្រុស អាយុ​២៤ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤៧៧ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤​និង​៥៩​នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ក​ម្លាំ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​ម៉ា​ណោ​ក ក្រុម​ទី​៨ ឃុំ​តា​លស់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយ​ដកហូត​បាន​វត្ថុ​តាង​មាន ៖ អាវុធ​ខ្លី​ម៉ាក​BERETTA លេខ​៤៨២០ ពណ៌​ស បង់​ចំនួន​០១ គ្រាប់​ចំនួន​០៥​គ្រាប់ ។

ជនសង្ស័យ​មាន​បក្សពួក​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ម៉ាក​ប៉េ​ត្រូ ពណ៌​ខ្មៅ មាន​អាវុធ​០១​ដើម និង​ប្រាក់​ដុល្លារ​ចំនួន ២,០០០​ដុល្លារ​អា​មេ​រិ​ក​) នៅ​ចំណុច​មុខ​ឃ្លាំង​លក់​រថយន្ត​យីហោ សេង បូ​ភ​ក្រ ផ្លូវ​លេខ​៥៩៨ ភូមិ​គង្គារ​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រហែល​១៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី ១២ ខែមិថុនា ឆ្នាំ​២០១៩ ។ ក្រោយ​កើត​មាន​សកម្មភាព​ឆក់​នោះ​សមត្ថកិច្ច​ចាប់​បាន​បក្សពួក​ជនសង្ស័យ​១​ក្រុម​យក​ទៅ​ដាក់​ពន្ធនាគារ​រួច​ហើយ​ដែរ តែ​ជនសង្ស័យ​រូប​នេះ គឺ​សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​របស់​តុលាការ ។

បើតាម​របាយការណ៍​របស់​សមត្ថកិច្ច​បញ្ជាក់​ថា សម្ភារ​បាត់បង់​របស់​ជន​រង​គ្រោះ​រួម​មាន ៖ កាបូបស្ពាយ​ម៉ាក​ប៉េ​ត្រូ ពណ៌​ខ្មៅ ចំនួន ១​អាវុធ​ខ្លី​ម៉ាក BERETTA លេខ 4820 ពណ៌​ស បង់​ចំនួន​១ គ្រាប់​ចំនួន​២២​គ្រាប់​, អត្តសញ្ញាណ​បណ្ណ​ចំនួន​១​សន្លឹក​, អត្តសញ្ញាណ​បណ្ណ​កងរាជអាវុធហត្ថ ចំនួន​១​សន្លឹក​, ប​ណ្ណ័​បើកបរ​រថយន្ត​ចំនួន​១​សន្លឹក​, កាត​ធនាគារ​ចំនួន​១​សន្លឹក​, ប្រាក់​ដុល្លារ​ចំនួន ២,០០០​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក អាវុធ ការិយាល័យ​បាន​ប្រគល់​ជន​រង​គ្រោះ​វិញ រួច​ហើយ ។

ចំណែកឯ​ជនសង្ស័យ​ខាងលើ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕