ខេត្តកណ្ដាល៖ បុរសម្នាក់មានទំនាស់ជាមួយប្រពន្ធខ្លួនឯង បានវេចបង្វេចទៅផ្ទះម្ដាយបង្កើត ខណៈម្ដាយសួរនាំពីរឿងទំនាស់ជាមួយប្រពន្ធខ្លួនឯងនោះ បែរជាខឹងស្ទុះទៅយកកាំបិត និងពូថៅ កាប់បំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះរបស់ម្ដាយខ្លួនឯង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

ជនសង្ស័យឈ្មោះ វិន ទិត្យ ហៅបាន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ។ ឯស្រ្ដីរងគ្រោះឈ្មោះ ឃិន សុខថេន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។ ចំណែកឯវត្ថុតាងចាប់យកបានមានពូថៅដងឈើចំនួន១ រីឯទ្រព្យសម្បត្ដិខូចខាតមាន៖ បែកកញ្ចក់ទ្វារផ្ទះ១ផ្ទាំង ,បែកកញ្ចក់បង្អួច១ផ្ទាំង ,ធុងទឹកកកចំនួន១ បែកកញ្ចក់ និងក្បាំងម៉ូតូ១គ្រឿង ។

បើតាមស្រ្តីជាម្ដាយបានឲ្យដឹងថា កន្លងមក ជនសង្ស័យរូបនេះ ធ្លាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ម្ដាយខ្លួនឯងច្រើនលើកច្រើនសារមកហើយ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ ធ្លាប់ហៅទៅអប់រំ ណែនាំច្រើនដងមកហើយដែរ។ លុះមកដល់វេលាម៉ោងប្រមាណ១៦រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានយកបង្វេចខោអាវពីផ្ទះប្រពន្ធ ទៅទុកនៅផ្ទះគាត់ជាម្ដាយ។ ដោយមានងឿងឆ្លល់ គាត់ក៏ធ្វើការសួរនាំពីរឿងទំនាស់ជាមួយប្រពន្ធខ្លួនឯងនោះ ភ្លាមនោះ កូនគាត់ខឹង រួចនិយាយថា ម៉េចផ្ទះហ្នឹង អញនៅអត់បាន អាណាខ្លាំង អញកាប់ឲ្យខ្ទេច ។ ភ្លាមនោះកូនក៍ស្ទុះទៅយកកាំបិត ខ្វែវមកកាប់ម៉ូតូរបស់គាត់ជាម្ដាយ បណ្តាលឲ្យបែកក្បាំង និងផ្នែកខាងក្រោយ រួចយកកូនពូថៅដៃ ទៅវាយបំបែកទ្វារបង្អួចផ្ទះបែកខ្ទេចអស់ថែមទៀត។
ដោយទ្រាំពុំបាននូវទង្វើរបស់កូនម្នាក់នេះ គាត់ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលព្រែកអញ្ចាញ ឲ្យមចាប់កូនអកត្តញូនេះ ដើម្បីចាត់ការតាមច្បាប់តែម្ដងទៅ ៕