ខេត្តត្បូងឃ្មុំ ៖ តាមបញ្ជារបស់លោកខៀវ ពណ្ណារាយ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ ជនសង្ស័យ២នាក់ត្រូវកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្នាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពបង្កហិង្សាគប់ និងវាយជនរងគ្រោះម្នាក់ បណ្តាលឲ្យរបួសធ្ងន់ និងម៉ូតូខូចខាត កាលពីវេលាម៉ោង០០និង១៣នាទីរំលងអធ្រាត្រថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ជនរងគ្រោះ ឈ្មោះ គី បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ចំណែកជនសង្ស័យទាំង២នាក់ដែលត្រូវកម្លាំងនគរបាលចាប់វាយខ្នោះនោះ ទី១-ឈ្មោះវឿន នីរុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះប៉ាត ដែន ភេទប្រុស អាយុ២៥ឆ្នាំ ។ ទាំង២នាក់រស់នៅភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។មុនពេលកើតហេតុ ជនរងគ្រោះជិៈម៉ូតូជាក្រុម និងជាលក្ខណៈទេសចរណ៍ ត្រឡប់មកពីខេត្តមណ្ឌលគិរី ។ លុះមកដលកន្លែងកើតហេតុ ត្រូវបានក្រុមជនសង្ស័យយកដុំឥដ្ឋគប់និងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ និងម៉ូតូខូចខាតយ៉ាងដំណំ ។
ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញវាយខ្នោះ និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕