ខេត្តតាកែវ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែកមិនព្រមទៅរកកន្លែងដេកពួនទេ បែរជានឹកចង់ទៅរាវខ្ចៅ លុះពេលអុំទូកត្នោតដល់ពាក់កណ្តាលអូរ ស្រាប់តែធ្លាក់ទឹកប្រូង បណ្តាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ និង១៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងអូរខាងលិច ភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ។
ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះគង់ ឆាន្នី ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ ហើយអុំទូកត្នោតទៅរាវខ្ចៅក្នុងអូរ ក៏ធ្លាក់ពីលើទូកលង់ស្លាប់តែម្ដង ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលតាំងយ៉ាប លោកមេឃុំ គ្រូពេទ្យ លោកមេភូមិ បានចុះដល់ទីកន្លែងកើតហេតុ ត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ។ សពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕