ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នឹងចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ពិធីប្រកាសចូលកាន់តំណែងរបស់ លោក គួច ចំរើន នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។


ក្រោយរលំបាក់អគារកម្ពស់៧ជាន់មួយ ដែលសាងសង់គ្មានច្បាប់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស២៨នាក់ស្លាប់ និង២៦នាក់រងរបួសនោះ លោកយន្ត មីន អភិបាលខេត្តនេះ បានចេញមុខសុំទោសសាធារណជន ព្រមទាំងបានលាលែងចេញពីតំណែង ហើយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរតួនាទី លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ វិញ ។ ចំណែក លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តព្រះវិហារ ត្រូវបានផ្ទេរតួនាទីមកជាអភិបាលខេត្តកំពង់ចាម វិញ។


ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ លោក គួច ចំរើន គឺជាមនុស្សមានសមត្ថភាព និងយល់ដឹងអំពីការងារគ្រប់គ្រងរដ្ឋបាល។ សម្តេចបានអះអាងថា ខេត្តព្រះសីហនុ គឺត្រូវមានអភិបាលដែលខ្លាំង ដូចលោក គួច ចំរើន ជាអ្នកគ្រប់គ្រង។
លោក គួច ចំរើន កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ នៅភូមិតាពរ័លើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។លោកជាកូនទី៤ នៃបងប្អូនទាំង៥នាក់។ ឪពុកបង្កើតឈ្មោះ គួច ណាំហេង បានទទួលមរណកាលក្នុងរបបប៉ុលពត ។ ម្តាយបង្កើតឈ្មោះសុខ ឈាង កើតនៅថ្ងៃទី១ខែមករាឆ្នាំ១៩៤៤ នៅភូមិត្នោត ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ។

ក្រោយថ្ងៃរំដោះថ្ងៃ៧មករាឆ្នាំ១៩៧៩ លោកគួច ចំរើន បានចូលរៀនថ្នាក់ដំបូងក្រោមផ្ទះមួយនៅក្នុងភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ចូលដល់ថ្នាក់ទី២ បានទៅរៀននៅសាលាគំរូកំពង់ក្តី និងបានបន្តការសិក្សារហូតដល់ចប់ចំណេះដឹងទូទៅនៅសាលា១០មករា សៀមរាប ។លោកបានចូលបម្រើការងារជាកងទព័ នៅយោធាខេត្តសៀមរាប នៅថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៨៩ មានតួនាទីជាប្រធានខ នៃការិយាលយ័កំណែនយោធាខេត្ត ។ នៅថ្ងៃទី១៥កញ្ញាឆ្នាំ១៩៨៩ ត្រូវបានអង្គភាពបញ្ជូនទៅរៀននៅសាលាវប្បធម៌កងទ័ពស្វាយរលំ ខេត្តកណ្តាល។ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩០ ដល់ថ្ងៃទី២៨មីនាឆ្នាំ១៩៩១ មានតួនាទីជាប្រធានខ នៅសាលាវប្បធម៌កងទព័។

ក្រោយបញ្ចប់ការសិក្សាចំណេះដឹងទូទៅនៅសាលាវប្បធម៌កងទ័ព ក្រសួងការពារជាតិបានជ្រើសរើសយករូបលោកឲ្យទៅបន្តការសិក្សានៅមហាវិទ្យាល័យបច្ចេកទេសកងទ័ពប្រទេសវៀតណាម តែក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មក កងទ័ពដែលបានបញ្ជូនទៅរៀននៅបរទេសទាំងអស់ ត្រូវបានក្រសួងការពារជាតិ ឲ្យត្រឡប់ចូលមកស្រុកវិញ នៅឆ្នាំ១៩៩១។

ពេលត្រឡប់ចូលស្រុកវិញ លោកគួច ចំរើនបានចូលទៅនៅអង្គភាពង៧០ (DN) និងបានស្នាក់នៅបណ្តោះអាសន្នមួយរយៈពេលខ្លី នៅសាលាយោធាឬស្សីកែវ ហើយបានបន្តទៅនៅក្នុងកងពលលេខ៧ (ឧត្តង្គ) រហូតដល់ថ្ងៃទី២៨ខែមីនាឆ្នាំ១៩៩៣ ក្រសួងការពារជាតិបានស្នើទៅក្រសួងអប់រំ ឲ្យជួយបើកសាលាបណ្តុះបណ្តាលដល់នាយទាហានដែលរៀនមិនទាន់ចប់មកពីបរទេស ឲ្យបានរៀនបន្តដល់ចប់ ។ ប៉ុន្តែដោយសារប្រទេសកម្ពុជានៅពេលនោះ មិនទាន់មានសាលាបច្ចេកទេស(រថក្រោះ)កងទព័នៅឡើយ លោកក៏ត្រូវបានផ្ទេរទៅរៀននៅសាលាសេដ្ឋកិច្ច ដល់ចប់ ហើយក៏ផ្ទេរក្របខណ្ឌចេញពីក្រសួងការពារជាតិទៅក្រសួងមហាផ្ទៃ និងមកបម្រើការងារ នៅសាលាក្រុងភ្នំពេញ។ពីឆ្នាំ១៩៩៨ដល់ថ្ងៃទី១៣ខែកក្កដាឆ្នាំ១៩៩៩ លោកគួច ចំរើន ជាបុគ្គលិកចាត់តាំងនៅសាលាខណ្ឌចំការមន ។ ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤ ជាអភិបាលរងខណ្ឌចំការមន។
ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ជាអភិបាលខណ្ឌមានជ័យ ។ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ជាអភិបាលខណ្ឌដូនពេញ។ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ ហើយចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់បច្ចុប្បន្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។


លោកគួច ចំរើន មានភរិយាឈ្មោះ អ៊ូ ធីតាពៅ កើតថ្ងៃទី២៤ខែមេសាឆ្នាំ១៩៨៤ មានមុខរបរជាមេធាវី ស្នាក់នៅផ្ទះលេ១៤ ផ្លូវលេខ៤៤៦ ភូមិ៥សង្កាត់ទួលទំពូងខណ្ឌចំការមន រាជធានីភ្នំពេញ។មានកូនប្រុសបីនាក់ ឈ្មោះគួច ចំរើនរដ្ឋ , គួច ចំរើនជាតិ និង គួច ចំរើនភព អ្នកទាំងបីកំពុងសិក្សា៕