ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បាន និងស្វាគមន៍ម្នាក់១ដៃ១ជើង ឡើងហើមមុខ ទើបប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ក្រោយធ្វើកម្មភាពលួចកាត់សោ របងផ្ទះ បំពុលឆ្កែយកម៉ូតូបន្ទប់ក្រោមផ្ទះ តែមិនបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។


សមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ឈ្មោះ ជុន សំណាង អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងម្នាក់ទៀត ដែលរត់គេចខ្លួនមានឈ្មោះ នី ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ ។


ចំណែកម្ចាស់ម៉ូតូមានឈ្មោះ សៅ សារិទ្ទ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
មុនពេលកើតហេតុ ជនសង្ស័យ២នាក់បានជិះម៉ូតូមយយគ្រឿងមកធ្វើកម្មភាពលួចកាត់សោ របងផ្ទះជនរងគ្រោះ និងបំពុលឆ្កែ ក្នុងបំណងដើម្បីយកម៉ូតូនៅក្នុងបន្ទប់ក្រោមផ្ទះ តែមិនបានសម្រេច ត្រូវបានម្ចាស់ផ្ទះ និងកម្លាំងប្រជាការពារភូមិមកទាន់ពេលកំពុងធ្វើសកម្មភាពកាត់សោ ក៍ចាប់ជាប់ជនសង្ស័យម្នាក់ និងស្វាគមន៍ម្នាក់១ដៃ១ជើង ឡើងហើមមុខ ។ ឯម្នាក់ទៀតបានជិះម៉ូតូបើកគេចខ្លួនបាត់ ។


ជនសង្ស័យ ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមច្បាប់ ៕