ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 ដឹកប្រពន្ធ និងម្តាយទៅឈប់ទិញបាយសមួយប្រអប់ តែបាយនោះមួយប្រអប់តម្លៃ២០០០រៀលគាត់អត់ទិញ ស្រាប់តែអ្នកលក់យកប្រអប់បាយគប់លើទៅលើរថយន្ត ទើបធ្វើឲ្យម្ចាស់រថយន្តខឹងឈ្លោះប្រកែកគ្នាផ្អើលទៅដល់សមត្ថកិច្ចចុះមកជួយសម្របសម្រួលកាលពីវេលាម៉ោង7និង30នាទីយប់ ថ្ងៃទី24 ខែមិថុនា ឆ្នាំ2019 តាមបណ្តោយផ្លូវ47 នៅចំណុចក្លឹបកម្សាន្តកាសា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7987 ដឹកប្រពន្ធមានផ្ទៃពោះនិងម្តាយ បើកបរតាមបណ្តោយផ្លូវ47ក្នុងទិសដៅពីត្បូងទៅជើង ។

ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ គាត់ក៏ឈប់រថយន្តនៅមុខក្លឹបកម្សាន្តកាសារួចបានចុះទៅទិញបាយសមួយប្រអប់ ពេលសួររកទិញបាយសមួយប្រអប់តម្លៃ២០០០រៀល គាត់បានតថ្លៃនៅ១០០០រៀលដូចតម្លៃធម្មតា តែអ្នកលក់អត់លក់ អ្នកទិញក៏អត់ទិញដែរ បានដើរចូលទៅក្នុងរថយន្តវិញ ស្រាប់តែអ្នកលក់បានយកប្រអប់នោះគប់ទៅលើរថយន្តផ្នែកខាងមុខ ធ្វើឲ្យម្ចាស់រថយន្តគាត់ខឹង ក៏ចុះទៅសួរនាំ និងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងផ្អើលពេញដងផ្លូវ ធ្វើឲ្យអ្នកធ្វើដំណើរកាត់តាមផ្លូវនាំគ្នាចោមរោមមើលទើបផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ចុះមកជួយសម្របសម្រួល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងសូមទោសគ្នាទៅវិញទៅមក ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយភាគីអ្នកលក់ជាអ្នកសូមទោសមុន ៕