ភ្នំពេញ ៖ យុវជន២នាក់ បានទិញស្រាមកផឹកស៊ីជុំគ្នា លុះពេលស្រាចូលខ្លួន ស្រាប់តែពាក់សម្តីនឹងគ្នា រហូតផ្ទុះកំហឹងប្រតាយប្រតប់គ្នា ស្រាប់តែពេលនោះ ភាគីម្ខាងបានទៅផ្ទះនាំប្អូនប្រុសយកដាវសាមូរ៉ៃ មកកាប់ប្រហារគូជម្លោះ បណ្តាលឲ្យរងបួសធ្ងន់ហូរឈាមកក្លាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក ជនដៃដល់ទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំទៅចាត់ការតាមច្បាប់។
ហេតុការណ៍ហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជម្រៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។


ជនរងគ្រោះដែលត្រូវក្លើរួមវង់ផឹកកាប់របួស មានឈ្មោះហេង វណ្ណ: អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះគ្មាន ផ្លូវបេតុង ភូមិជម្រៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែក ជនដៃដល់ ទី១-ឈ្មោះ ទិត្យ រ៉ូស៊ី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ទី២-ឈ្មោះទិត្យ ភូវ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជម្រៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សមត្ថកិច្ច ដកហូត ដាវកែប្រវែង៧តឹក ចំនួន១ដើម។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ជនរងគ្រោះ បានហៅជនដៃដល់ឈ្មោះទិត្យ រ៉ូស៊ី មកផឹកស្រាបៀរនៅមុខផ្ទះរបស់ខ្លួន លុះមកដល់វេលាម៉ោងប្រហែល១០ ស្រាប់តែពួកគេបានទាស់ពាក្យសម្ដីនឹងគ្នារហូតមានការប្រតាយប្រតប់គ្នាទៅវិញទៅមក។ ភ្លាមនោះឈ្មោះសាន សុផល ដែលត្រូវជាពូរបស់ជនរងគ្រោះ បានមកឃាត់ និងចាប់បំបែកចេញពីគ្នា ហើយជនដៃដល់បានត្រឡប់ទៅផ្ទះ មួយសន្ទុះ បានជិះម៉ូតូត្រឡប់មកឈប់នៅកន្លែងកើតហេតុវិញ ដោយឌុបជនដៃដល់ឈ្មោះ ទិត្យ ភូវ៉ាឌី ជាប្អូនបង្កើត ដោយបានយកដាវមកកាប់ប្រហារលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសដៃខាងឆ្វេងចំនួន២កន្លែង ដៃខាងស្ដាំចំនួន១កន្លែង និងត្រង់ចង្កាខាងឆ្វេងមួយកន្លែង រួចជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ទៅ ។ ភ្លាមនោះៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសសង្រ្គោះជីវិត ព្រមទាំងមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួន ជនដៃដល់ទាំង២នាក់ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕