ខេត្តព្រះវិហារ៖ រថយន្តRanger១គ្រឿងបានបើកបោះពួយយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុកជាមួយនឹងម៉ូតូក្នុងដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ក្មេងសិស្សសាលាចំនួន៣នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុ។កាលពីវេលាម៉ោង៣និង ១០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវលេខ៦៩B ចន្លោះគីឡូម៉ែត្រលេខ១ និងលេខ២ ស្ថិតនៅភូមិស្រអែមខាងត្បូងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថារថយន្តបង្ករRanger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY9595 បើកបរឈ្មោះលោកគឹម ជាដ្ឋាវី នាយកផ្នែករដ្ឋបាលព្រៃឈើ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហាររត់គេចខ្លួន  បើកពីទិសខាងកើតទៅលិចក្នុងល្បឿនលឿនដូចហោះ។លុះមកដល់កន្លែងកើតហេតុបានបុកម៉ូតូម៉ាក់ ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៩ ពាក់ស្លាកលេខ ព្រះវិហារ 1C 7555 អ្នកបើកបរឈ្មោះចម្រើន ណារ៉ុង ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរសិស្ស រស់នៅ ភូមិតនរពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នកចូលរួមដំណើរជាមួយឈ្មោះជូ ណាក់ ភេទប្រុសអាយុ ១៦ ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិកន្ទួត ឃុំកន្ឋួត ស្រុកចម្ការលើ ខេត្តព្រះវិហារ បានស្លាប់ក្រោយបញ្ជូនដល់មន្ទីពេទ្យនិងម្នាក់ទៀតឈ្មោះកែវ ណារ៉ាក់ ភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិជាំក្សាន្ត ឃុំទឹកកជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្លាប់នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង និង យកកំណត់ហេតុដើម្បីធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំង៣នាក់តាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះទាំង៣នាក់ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិដឹកយកទៅលំនៅឋានដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួនៗ ៕