ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកសម្ដេចហ៊ុន សែន បានបង្ហោះនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ថា៖ «ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យក

ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ វិញ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការ និងអភិបាលខេត្តថ្មីចូលកាន់តំណែង។

ខ្ញុំក៏សូមបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ»៕

កន្លងមកសម្ដេចហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា៖ “ហេតុអ្វីបានយើងមិនហ៊ានទទួលខុសត្រូវ សមត្ថកិច្ចមិនព្រមឲ្យធ្វើ ច្បាប់មិនទាន់មាន ស្អីមិនទាន់មាន ក្រុមហ៊ុននៅតែធ្វើ ដីហុយ ប៉ះពាល់ដល់ប្រជាពលរដ្ឋ សណ្ដាប់ធ្នាប់សាធារណៈ ខ្លួនអត់ហ៊ានយកការសម្រេចទេ ដោយខ្លាចក្រុមហ៊ុនទៅវិញ អ៊ីចឹង បើធ្វើចៅហ្វាយខេត្តបែបនេះ មិនបាច់ធ្វើទេ ឲ្យពួកថៅកែ ឬពួកគេហៅថា ក្រុមជល់មាន់ទាំងនោះធ្វើចៅហ្វាយខេត្តទៅល្អជាង” ។

លោក យន្ត មីន ជាអតីតមេបញ្ជាការប្រតិបត្តិសឹករងខេត្តកោះកុង ធ្លាប់ស្ថិតក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ប៉ុន្តែក្រោយមក លោកបានផ្ទេរមកក្រសួងមហាផ្ទៃវិញ និងត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ កក្កដា ឆ្នាំ២០១៥ ជំនួសលោក ឈិត សុខុន តបតាមសេចក្តីក្រាបទូលថ្វាយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ៕