ខេត្តព្រះសីហនុ៖ បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩នាក់ ក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។

រំលឹកប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក៏ធ្លាប់បានធ្វើការស្ដីបន្ទោសទៅអាជ្ញាធរខេត្ត ពិសេសអភិបាលនៃគណៈអភិបាលខេត្តថា៖ សិទ្ធអំណាចរបស់ចៅហ្វាយខេត្ត មិនឲ្យសាងអ្វីនៅកន្លែងណាមួយហើយ ក្រុមហ៊ុននៅតែចចេសធ្វើ ចៅហ្វាយខេត្តអត់ហ៊ានឃាត់ តើធ្វើចៅហ្វាយខេត្តធ្វើអី ? អ៊ីចឹងឲ្យក្រុមហ៊ុននោះធ្វើចៅហ្វាយខេត្តទៅល្អជាង ព្រោះក្រុមហ៊ុនវាធំជាងចៅហ្វាយខេត្តទៅហើយ ។ 

សម្ដេចហ៊ុន សែន បញ្ជាក់បន្ថែមថា៖ ហេតុអ្វីបានយើងមិនហ៊ានទទួលខុសត្រូវ សមត្ថកិច្ចមិនព្រមឲ្យធ្វើ ច្បាប់មិនទាន់មាន ស្អីមិនទាន់មាន ក្រុមហ៊ុននៅតែធ្វើ ដីហុយ ប៉ះពាល់ដល់ប្រជាពលរដ្ឋ សណ្ដាប់ធ្នាប់សាធារណៈ ខ្លួនអត់ហ៊ានយកការសម្រេចទេ ដោយខ្លាចក្រុមហ៊ុនទៅវិញ អ៊ីចឹង បើធ្វើចៅហ្វាយខេត្តបែបនេះ មិនបាច់ធ្វើទេ ឲ្យពួកថៅកែ ឬពួកគេហៅថា ក្រុមជល់មាន់ទាំងនោះធ្វើចៅហ្វាយខេត្តទៅល្អជាង ។

លោក យន្ត មីន ជាអតីតមេបញ្ជាការប្រតិបត្តិសឹករងខេត្តកោះកុង ធ្លាប់ស្ថិតក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ប៉ុន្តែក្រោយមក លោកបានផ្ទេរមកក្រសួងមហាផ្ទៃវិញ និងត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ កក្កដា ឆ្នាំ២០១៥ ជំនួសលោក ឈិត សុខុន តបតាមសេចក្តីក្រាបទូលថ្វាយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ៕