ភ្នំពេញ៖ បុរសជើងខ្លាំងបែកថ្នាំម្នាក់ដេញវាយកម្លាំងមានសម្ថកិច្ច និង អ្នកកាសែត បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុចភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់  បុរសជើងខ្លាំងម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួន ក្រោយពីរូបគេបង្ករការអុកឡុក ស្រែកឡោឡាដេញវាយនគរបាលចរាចរណ៍ឈរនៅគោលដៅខាងលើ និងដេញវាយអ្នកកាសែត ខណៈដែលរូបគេមាន អាការៈបែកថ្នាំយ៉ាងខ្លាំង ហើយត្រូវបានកម្លាំងមានសម្ថកិច្ចហៅឃាត់រថយន្តឲ្យឈប់សួរនាំនោះ ។

ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៥នាទីព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុចភ្លើង ស្តុបច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ 

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសដែលត្រូវបានចាប់ឃាត់ខ្លួនមានឈ្មោះ ជួន ច័ន្ទដារី អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥C ផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និង មានស្រុកកំណើតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ បុរសម្នាក់ខាងលើបានបើករថយន្តម៉ាក កាម៉ារី ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ២AB-៧៦៩១ មួយគ្រឿងតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីលិចទៅកើតរេចង្កូតពេញផ្លូវ ដោយខ្លាចក្រែងបង្ករ គ្រោះថ្នាក់ដល់អ្នកដ៏ទៃ ឬក៏ទៅបុកគេឯងនោះ។

លុះមកដល់ចំណុចខាងលើ កម្លាំងនគរបាលចរាចរណ៍ ដែលឈរនៅ គោលដៅខាងលើក៏បានហៅឲ្យ ឈប់ ដើម្បីសួរនាំ ក៏ស្រាប់តែបុរសម្នាក់នោះចុះពីរថយន្តរបស់គេ រួចនិយាយ ស្កាដៃជើងស្រែកឡូឡា ដេញវាយគេឯង មិនតែប៉ុណ្ណោះក៏ដេញវាយទាំងអ្នកកាសែតថែមទៀតផងដែរ តែមិនបង្ករឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។ 

ក្រោយពេលកើតហេតុភ្លាមៗកម្លាំងមានសម្ថកិច្ចខណ្ឌមានជ័យក៏បានចុះមកដល់ និង ធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ ខាងលើយកទៅធ្វើការសួរនាំទើបបានក្រុមគ្រួសារបញ្ជាក់ថា រូបគេជាមនុស្សប្រើប្រាស់គ្រឿងញៀនច្រើន ទើបធ្វើឱ្យបែកថ្នាំ និង ធ្វើសកម្មភាពបែបនេះតែម្តង ហើយក្រុមគ្រួសារក៏ធ្វើការសុំណូមពរទៅ ដល់កម្លាំងមានសម្ថកិច្ចធ្វើការចាប់បញ្ជូន រូបគេយកទៅកាន់មណ្ឌលកែប្រែ ដើម្បីធ្វើការបន្សាបថ្នាញៀនផងដែរ ៕