លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការបញ្ចេញមតិ ពាក់ព័ន្ធនឹងករណីដួលរលំអគារកំពុងសាងសង់ថ្មី កំពស់៧ជាន់ ស្ថិតក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
តាមរយៈហ្វេសប៊ុកផេករបស់លោក ជុំ កុសល បានបង្ហោះសារនៅម៉ោង១និង៥៥នាទីរសៀលថ្ងៃទី២២ មិថុនានេះថា “យន្តការរដ្ឋយើងមាន ៖ ១. ស្ថាប័នសមត្ថកិច្ចជំនាញ ២. ស្ថាប័នរដ្ឋបាលគ្រប់គ្រងដែនដី។ ចុះហេតុអីបានជាស្ថាប័នទាំងពីរនេះ គ្មានអំណាចហាមឃាត់ចំពោះសំណង់ខុសច្បាប់ ទុកអោយកើតរឿងគ្រោះថ្នាក់បែបនេះ ? ” ។
លោកជុំ កុសល បានបន្តថា “ចម្លើយមួយថា “បានចុះហាមឃាត់ពីរដងដែរ តែម្ចាស់ការដ្ឋានសំណង់មិនសហការ…” ហើយបែរជាបណ្តោយទុកឲ្យសាងសង់បន្ត រហូតដួលរលំពេលនេះ មានន័យថា ទាំងសមត្ថកិច្ចជំនាញទាំង រដ្ឋបាលគ្រប់គ្រងដែនដីខេត្ត ខ្លាចអំណាចម្ចាស់សំណង់ឬ ? ។ ចុះ កម្មករដែលបានស្លាប់បាត់បង់ជីវិតនិងរបួស តើនរណាទទួលខុសត្រូវ ? “ ។
សូមជម្រាបផងដែរថា នៅម៉ោងជិត៥ព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ មួយកន្លែងនៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
បន្ទាប់ពីកើតហេតុ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកមួយ ឱ្យដឹងនៅព្រឹកថ្ងៃទី២២ មិថុនា នេះថា អគារដែលរំលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ពុំមានច្បាប់អនុញ្ញាតឱ្យសាងសង់នោះទេ ។
ពាក់ព័ន្ធនឹងករណីអគាររលំបាក់សង្កត់មនុស្សនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបញ្ជាក់ថា សំណង់អគារខាងលើនេះ អត់មានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញហាមឃាត់មិនឱ្យសាងសង់ចំនួន ២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហការ ។ ម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អាគារនេះជាប្រភេទសំណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់ ។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងបានថ្លែងឲ្យដឹងថា ជាមួយនេះអាជ្ញាធរជំនាញ នឹងចុះធ្វើការត្រួតពិនិត្យសំណង់ដែលមិនមានគុណភាព សំណង់សាងសង់ខុសពី លិខិតអនុញ្ញាត និងសាងសង់ដោយគ្មានលិខិតអនុញ្ញាត ដើម្បីមានវិធានការតាមផ្លូវច្បាប់ ។
ដោយឡែក សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្ស៤នាក់យកទៅសួរនាំ ក្នុងនោះមានម្នាក់ជាថៅកែម៉ៅការសំណង់ និង៣នាក់ទៀតជាអ្នកពាក់ព័ន្ធ ។ ដើម្បីសាកសួរបន្ថែម ហើយសមត្ថកិច្ចពាក់ព័ន្ធ បាន និងកំពុងធ្វើការស៊ើបអង្កេត ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការរលំបាក់អាគារនេះ ។
ទីតាំងសំណង់អគារនេះមានទំហំទទឹង១៥ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់ បានប្រមាណ៧០ ទៅ៨០ភាគរយ ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសថា គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ហេតុការណ៍បាក់រលំអាគារកម្ពស់ ៧ជាន់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបណ្តាលឲ្យមនុស្ស ៧នាក់ ស្លាប់ (ស្ត្រីម្នាក់) និងរបួស២១នាក់។ ដោយឡែក លោកយន្តមីន អភិបាលខេត្តព្រះសីហនុ បានប្រាប់អ្នកកាសែត នៅម៉ោងជាង ៣រសៀលនេះថា ចំនួនអ្នកស្លាប់ បានកើនដល់ ១០នាក់ ហើយរបួសជាង ២០នាក់៕