បាត់ដំបង​ ២១ មិថុនា ២០១៩៖ កម្មវិធីមហោស្រពអក្សរសិល្ប៍បាត់ដំបងបានចាប់បដិសន្ធិឡើង បន្ទាប់​ពីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរកាលពីឆ្នាំ២០១៨ ទទួលបានជោគជ័យ។ មហោស្រអក្សរសិល្ប៍បាត់ដំបង នឹងប្រព្រឹត្តទៅនៅ​​​​​ខេត្តបាត់ដំបងជាលើកទីមួយ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ នៅក្នុងបរិវេណពុទ្ធិកវិទ្យាល័យ នៃវត្តដំរីស។

មហោស្រព​អក្សរសិល្ប៍បាត់ដំបងមានគោលបំណងធំៗបីគឺ ៖ ​១) បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិនៅបាត់ដំបង ២) លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរនៅក្នុងខេត្ត និង ៣) បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ។​

សូ ភីណា ជាស្ថាបនិកកមហោស្រពអក្សរសិល្ប៍ខ្មែរ​បានមានប្រសាសន៍ថា៖ «បន្ទាប់ពីបានឃើញ និងចូលរួមមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរកាលពីខែកញ្ញា ឆ្នាំ២០១៩ អ្នកនៅបាត់ដំបងបានសំណូមពរខ្ញុំថា ពួកគចង់ឃើញមានមហោស្រពអក្សរសិល្ប៍បែបនេះ កើតឡើងម្តងទៀតនៅបាត់ដំបង។ ដូចនេះ ខ្ញុំក៏សម្រេចចិត្តថា ជួយពួកគេបង្កើតមហោស្រពអក្សរសិល្ប៍បាត់ដំបងជាលើកទីមួយនៅឆ្នាំ២០១៩នេះ។ បើមហោស្រពនេះជោគជ័យ ក៏វាជាជោគជ័យដ៏ធំធេងមួយរបស់មហោស្រពអក្សរសិល្ប៍ខ្មែរដែរ។»  

មហោស្រពអក្សរសិល្ប៍បាត់ដំបងលើកទីមួយនេះ មានរយៈពេលមួយថ្ងៃកន្លះ នឹងនាំយកនូវកម្មវិធី​​ពិសេសៗ​ ជាច្រើន​ដូចជា វេទិកាពិភាក្សាអំពីអក្សរសិល្ប៍ សិក្ខាសាលានិពន្ធបែបច្នៃប្រឌិត សិក្ខាសាលាកំណាព្យទំនើបនិយម តាំងពិព័រណ៍ និងលក់សៀវភៅ ការអានជាសាធារណៈ បញ្ចាំងវីដេអូកំណាព្យ និងសិល្បៈទស្សនីយភាពជាច្រើនទៀត។

មហោស្រពអក្សរសិល្ប៍បានទទួលការគាំទ្រពីអង្គការ និងក្រុមហ៊ុនធំៗចំនួនបួនគឺ សមាគមហ្វារពន្លឺសិល្បៈ, Phare the Cambodian Circus, ក្រុមហ៊ុន Printing Image, និងក្រុមហ៊ុន Dotfusion Digital Agency Cambodia និងសប្បុរសជនជាច្រើននាក់ទៀត ៕