ភ្នំពេញ ៖ បុរសម្នាក់ ទំនងជាចង់ជានាជាមួយប្រពន្ធវិញ ក៏ធ្វើដំណើរមករកនាងដល់កន្លែងលក់ដូរ។ លុះពេលនាងជេរស្តីខ្លាំងពេក ក៏ផ្ទុះកំហឹងដាល់ប្រពន្ធ១ដៃចំផ្ទៃមុខ បណ្តាលឲ្យសន្លប់ស្តូក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងឃ្លាំងទំនិញមួយ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនដៃដល់ដែលវាយអតីតប្រពន្ធសន្លប់ និងត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ មានឈ្មោះសុន សារុន អាយុ៤៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែក ស្រ្តីរងគ្រោះ មានឈ្មោះញឹប ស្រីម៉ុម អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្បែរចំណុចផ្ទះកើតហេតុខាងលើ ផ្ទះលេខ៨៤ ផ្លូវលេខ២៧១ ភូមិអូរបែកក្អម។


ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនដៃដល់ និងស្រ្តីរងគ្រោះបានរៀបការនឹងគ្នា កាលពីឆ្នាំ២០០៤ បានកូនប្រុសចំនួន៣នាក់ ជាចំណងនិស្ស័យ។ ក្រោយមកពួកគេមានការមិនចុះសម្រុងនឹងគ្នា ទើបភាគីជាប្រពន្ធប្តឹងទៅតុលាការសុំលែងលះគ្នា ហើយតុលាការបានសម្រេចចេញដីកាផ្តាច់សង្វាស់ជាប្តីប្រជាពន្ធផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ចំណែកកូនៗស្ត្រីជាប្រពន្ធជាអ្នកចិញ្ចឹម។
ប្រភពបន្តថា លុះមកដល់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បុរសជាអតីតប្តីបានចូលមកក្នុងឃ្លាំងទំនិញរបស់អតីតឪពុកក្មេក ដើម្បីចង់ទិញនិងមកមើលកូនផងដែរ ព្រមទាំងបានជួបស្រ្តីជាអតីតប្រពន្ធ និងទំនងជាជនសង្ស័យចង់សាសងសម្តីជានាជាមួយស្រ្តីរងគ្រោះ ក៏បានដេញកម្មករឲ្យចេញពីឃ្លាំងទំនិញ ប៉ុន្តែត្រូវស្រ្តីរងគ្រោះបញ្ជាមិនឲ្យចេញ និងបានស្រែកខ្លាំងៗជេរលើបុរសជាអតីតប្តី (ជនសង្ស័យ) ទើបធ្វើឲ្យជនដៃដល់ផ្ទុះភ្លើងកំហឹង ដាល់ស្រី្តរងគ្រោះ១ដៃ ចំផ្ទៃមុខ បណ្តាលឲ្យប៉ោងថ្គាមម្ខាងដួលសន្លប់ស្តូក។
ក្រោយកើតហេតុ ក្រុមគ្រួសារស្រ្តីរងគ្រោះ បានទាក់ទងសុំអន្តរាគមន៍កម្លាំងសមត្ថកិច្ច ចុះមកឃាត់ខ្លួនជនដៃដល់យកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕