ភ្នំពេញ ៖ មន្ត្រី​នគរបាល​ច្រក​ទ្វារ​អន្ដរជាតិ​ក្អម​សំណរ​ចំនួន​៣​នាក់ និង​បក្ខពួក​ម្នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង ករណី​លាយថ្នាំ​ឲ្យ​នារី​ខារ៉ាអូខេ​ផឹក បណ្ដាល​ឲ្យ​ស្លាប់ និង​ពុល​៣​នាក់​ទៀត នា​ពេល​កន្លង​ទៅ​នោះ ត្រូវ​បាន​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ​។

ជនសង្ស័យ​៤​នាក់ មានទី​១ ឈ្មោះ ទឹម វឌ្ឍនៈ អាយុ​៣៩​ឆ្នាំ​, ទី​២ ឈ្មោះ ច​ន្ត្រា វណ្ណៈ អាយុ​៣៥​ឆ្នាំ​, ទី​៣ ឈ្មោះ កែវ វឌ្ឍនៈ​ពូន អាយុ​២៧​ឆ្នាំ អ្នក​ទាំង​៣​ជា​នគរបាល​ច្រក​ទា្វ​អន្តរជាតិ​ក្អម​សំណរ និង​ទី​៤ ឈ្មោះ វ៉ា​ន់ ជី​វ័​ន្ត អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ ។ ជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន ។

លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់ ជនសង្ស័យ ទឹម វឌ្ឍនៈ ពី​បទ «​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» និង​ចំណែក ឯ​៣​រូប​ផ្សេង​ទៀត ត្រូវ​បាន​ចោទ​ពី​បទ «​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ករណី​មិន​រាងចាល​)» នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។ សំណុំរឿង​បាន​បញ្ជូន​ទៅ​លោកស្រី ពេ​ជ មា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។

យោងតាម​មាត្រា​៤២ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន បទ «​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» កថាខណ្ឌ​ទី​៤ បាន​ចែង​ថា ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​១០ ទៅ​២០​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​២០​លាន​រៀល ទៅ​៤០​លាន​រៀល ក្នុង​ករណី​ដែល​ការ​ប្រព្រឹត្ត​ល្មើស បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស ។

បើ​តាម​របាយការណ៍​សមត្ថកិច្ច បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១ និង​៣០​នាទី​យប់ ជនសង្ស័យ​ទាំង​៥​នាក់​(​ម្នាក់​កំពុង​រត់គេច​ខ្លួន​) បាន​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ នៅ​ហាង ម៉ី​ម៉ី បន្ទប់​លេខ​៧៧៧៧ នៅ​ភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល ដោយ​មាន​ស្រី​កំដរ​ចំនួន​០៤​នាក់ (​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​) លុះ​ផឹកស៊ី​ច្រៀង​រាំ​បាន​ប្រហែលជា​កន្លះ​ម៉ោង ឈ្មោះ ទឹម វឌ្ឍនៈ បាន​យក​ថ្នាំ ចំនួន​០២​ដប ទំហំ​ប៉ុន​ម្រាមដៃ​មក​លាយ​ជាមួយ​ភេសជ្ជៈ​គោ​ជល់​(​ប្រភេទ​អ៊ិ​ច​ស្តារ​ស៊ី និង​ប្រភេទ​ថ្នាំ​គ្រវី​មាន​សារធាតុ​ញៀន​ជា​ច្រើន​មុខ) និង​ក្នុង​ស្រា ហើយ​លាយ​គ្នា​រួច​ឲ្យ​គ្នីគ្នា​ចាក់​ចូល​កែវ​តូច​ឲ្យ ស្រី​កំដរ​រៀង​ៗ​ខ្លួន​ផឹក ដោយ​ប្រើ​ហិង្សា​បង្ខំ​ឲ្យ​ផឹក​ចំនួន​បី​កែវ​ជាប់​គ្នា ។ លុះ​បានជា​៥​ទៅ​៦​នាទី ក៏​មាន​អាកា​រៈ​ធ្វើទុក្ខ​រហូត​ធ្វើ​ឲ្យ​ស្លាប់​នារី​ម្នាក់ និង​ឈឺ​ធ្ងន់​ស្រាល​ចំនួន​៣​នាក់ ហើយ​ដឹង​ដល់​ម្ចាស់​ហាង ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៤​នាក់ បញ្ជូន​មក​អធិការដ្ឋាន នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​តាម​នីតិវិធី ៕