ភ្នំពេញ: ជនសង្ស័យម្នាក់ ជាកំពូលមេចោរខាងដើរកាប់ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្មភាពកន្លងមក ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាបព័ទ្ធចាប់ខ្លួន បាន កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះតាមផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ង្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នាំមកចាត់ការតាមច្បាប់។


ជនសង្ស័យជាកំពូលមេចោរត្រូវអស់លក្ខណ៍ជាប់ខ្នោះប៉ូលិសនេះ មានឈ្មោះ រុន តរសេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមេចោរប្លន់ រស់នៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យប្រើប្រាស់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HR-6715 ជាមធ្យោបាយ ជិះធ្វើសកម្មភាពកាប់ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋ នាពេលកន្លងមក ហើយសមត្ថកិច្ចតាមប្រមាញ់ជាយូរណាស់មកហើយ។ នៅព្រឹកថ្ងៃទី២០ ខែមិថុនា សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ ទើបកម្លាំងសមត្ថកិច្ចបានដេញតាម ហើយពេលនោះជនសង្ស័យរត់ចូលផ្ទះសំងំខ្លួនអស់រយ:ពេលជិត១០ម៉ោង ទម្រាំចាប់ខ្លួនបាន នៅវេលាម៉ោង៥ល្ងាច និងដកហូតម៉ូតូមួយគ្រឿងផង ។


សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានដីកាចាប់ខ្លួនពីតុលាការផងដែរ។ ក្រោយពីចាប់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕