ភ្នំពេញ ៖ តារាចម្រៀងប្រុស លោកសែម សង្វាត ម្ចាស់បទ «កម្មករឆ្លងដែន» ដ៏មានប្រជាប្រិយភាពអំឡុងឆ្នាំ២០០១ បានស្ងាត់បាត់មុខឈឹងពីសង្គមសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ សូម្បីតែលោកបូ វិចិត្រ ជាតារាចម្រៀងល្បីឈ្មោះរួមក្រុមជាមួយ និងជាម្ចាស់បទញាក់កន្ត្រាក់អារម្មណ៍ «ប៊ិះស៊យ » ក៏បានបាត់ស្រមោលឈឹងពីវិស័យសិល្បៈដូចគ្នា ប៉ុន្តែស្រាប់តែថ្មីៗនេះ គេឃើញតារាចម្រៀងទាំងដួងបានធ្លាក់ខ្លួនដុនដាបស្ទើរតែមិនគួរឲ្យជឿ ។


តាមរយៈរូបថតប៉ុន្មានសន្លឹក ដែលគេបង្ហោះតាមបណ្តាញសង្គមហេ្វសប៊ុក គេឃើញលោកសែម សង្វាត បានប្រែខ្លួនជាស្គមខ្លាំងមើលមិនចង់ស្គាល់ ហើយវ័យក៏កាន់តែច្រើនច្រើនថែមទៀត ធ្វើឲ្យអ្នកធ្លាប់គាំទ្រ និងចូលចិត្តស្តាប់ទឹកដមសំឡេងរបស់លោកជាច្រើនបានបង្ហាញក្តីអាណិតអាសូរជាពន់ពេក និងនឹករលឹកដល់រូបលោកយ៉ាងខ្លាំង។


ដោយឡែក លោកបូ វិចិត្រ វិញ យ៉ាប់យឺនដែរ ដោយកាលពីប៉ុន្មានថ្ងៃ មានគណនី ហ្វេសប៊ុក Jenny Chamroeun បានថតវីដេអូឃ្លីប១ និងសរសេរសារបង្ហោះថា៖ « បង បូ វិចិត្រ ម្ចាស់បទ ប៊ិះស៊យ ដុនដាប ឃើញសភាពគាត់រឿយៗក្បែរ ក្លឹបកំសាន្ដ៥៥ ជិតអាហារដ្ឋាន យាយម្លូរ អាយ៊ែរឡានអោយគេ ពិបាកភ្នែកណាស់ ធ្លាប់តែស្ដាប់ចំរៀងគាត់ពីក្មេង ៗ ១០ឆ្នាំជាងមុន សង្ឃឹមថានិងមានអ្នកឈឺឆ្អាលទៅចុះ សួរគាត់គ្មានលេខទូរស័ព្ទផ្ទាល់ខ្លួនទៀត អាចជួយគាត់បាន គាត់នៅជិតផ្ទះខ្ញុំ ឃើញសភាពបែបនេះ ប្អូននៅមិនសុខមានតែបង្ហោះ គាត់មិនប្រកាន់ខ្ញុំទៀត គាត់ថាជួយគាត់ផង ក្រែងបានសម្រួលជីវភាពបានខ្លះ ម្ចាស់បទ ប៊ិះស៊យ នៅផលិតកម្ម ( RSK ) ជួយស៊ែរផងបងប្អូន។


សូមបញ្ជាក់ថា លោកសែម សង្វាត និងលោកបូ វិចិត្រ គឺជាតារាចម្រៀងរួមជំនាន់គ្នា និងនៅក្នុងក្រុម EV Band តែមួយ ជាមួយនឹងអ្នកនាងយក់ ថិតរដ្ឋា និងឱក សុគន្ធកញ្ញា និងលោកឃុំ ប៊ុណ្ណាដែត។ ប៉ុន្តែតារាចម្រៀងរួមក្រុមទាំង៣ដួងនេះ សុទ្ធតែមានជីវភាពធូរធារស់នៅក្នុងលើផ្ទះធំទ្រនុំខ្ពស់ លើកលែងតែលោកសែម សង្វាត និងលោកបូ វិចិត្រ ដែលមានជីវភាពធ្លាក់ដុនដាប៕