ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២០ ខែមិថុនា នេះ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សំណុំរឿងជនជាប់ចោទឈ្មោះ យិន ហេង «ចំប៉ីខ្មៅ» ដោយបានម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣លានរៀល ចូលជាថវិការដ្ឋ ពីបទ ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ 

សូមរំឮកថា ចំប៉ីខ្មៅ ត្រូវបាននគរបាលចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នៅ ហាងកាហ្វេ មួយកន្លែងក្នុងទឹកដីខណ្ឌដូនពេញ។ ចំពោះមូលហេតុ ដែលនាំឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ រូបនេះ គឺកាលពីវេលាម៉ោង១៧៖២៥នាទីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខព្រះបរមរាជវាំង ជនសង្ស័យ បានបង្ហោះ សារជាអក្សរ លើទំព័រ ហ្វេសប៊ុក ឈ្មោះ ចំប៉ីខ្មៅ Chompey Khmoa ថា និងមានភ្ជាប់ឃ្លីប វីដេអូ រយៈពេល ១នាទី និង៥៣វិនាទី ដោយជេរក្រុមជនបង្កដែលបានវាយក្បាលខ្លួនមួយក្រញ៉ និងបានប្រមាថដល់ពូជសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ ៕