ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាមុខសញ្ញាចាស់ ធ្លាក់ជាប់ពន្ធនាគារចំនួន៣លើកហើយ តែមិនរាងចាលសោះ ចេញមកវិញលួចរថយន្តគេទៀត ត្រូវសមត្ថកិច្ចតាមចាប់បាន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។


ជនសង្ស័យឈ្មោះ ឈន សូរិយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ។ រីឯជនរងគ្រោះម្ចាស់រថយន្ត មានឈ្មោះ ពៅ វឿន អាយុ៣៦ឆ្នាំ នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក។ រថយន្តដែលចោរលួចនោះ ម៉ាំកកាមរីឆ្លាមពណ៌ឆ្លូញ សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2D.8731។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះឈន សូរិយ៉ា នេះ ជាមុខសញ្ញាចាស់ ធ្លាក់ជាប់ពន្ធនាគារចំនួន៣លើកហើយ តែមិនរាងចាលសោះ ។ នៅថ្ងៃទី១៨ ខែមិថុនា ចន្លោះពីម៉ោង១២យប់ ដល់វេលាម៉ោង៣ទៀបភ្លឺ ជនសង្ស័យបានជិះម៉ូតូងចូលមកលួចរថយន្តមួយគ្រឿងរបស់ប្រជាពលរដ្ឋឈ្មោះពៅ វឿន អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ ប៉ុល សុភី អាយុ៣០ឆ្នាំ រស់នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខណៈម្ចាស់ទុកសោរក្នុងរថយន្តស្រាប់ ។


ក្រោយលួចរថយន្តបាន ជនសង្ស័យព្យាយាមបើករថយន្តរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខ1M.2529ប.មានជ័យ ទុកជាថ្នូរឲ្យម្ចាស់រថយន្តវិញ។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវគ្រប់គោលដៅក្នុងខេត្ត។ លុះនៅវេលាម៉ោង៩ព្រឹកថ្ងៃ១៩ ខែមិថុនា ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ខណៈទៅសំងំលាក់ខ្លួននៅផ្ទះបងស្រីរបស់គេ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយបានទុករថយន្តចោលលើផ្លូវលំមួយកន្លែង។


ក្រោយពេលចាប់ខ្លួន រថយន្តត្រូវបានប្រគល់ឲ្យទៅម្ចាស់ជាជនរងគ្រោះវិញ ។ ជំណែកជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងកសាងសំណុំរឿងយកទៅញាត់គុកជាលើកទី៤ ៕