ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ពីបទប្រើហិង្សាដោយចេតនា បណ្តាលឱ្យបុរសម្នាក់បាក់ដៃឆ្វេង និងរបួសក្បាលជាទម្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ។

ជនសង្ស័យឈ្មោះ ឡាញ់ ណុង អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។ ចំណែកជនរងគ្រោះមានឈ្មោះ ហង្ស ស៊ីយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិជាមួយគ្នា។
មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យបានមានទំនាស់ពាក្យសំដីគ្នារឿងការងារ រហូតផ្ទុះហិង្សាស្ទុះយកមែកដើមប្រេងខ្យល់ វាយទៅលើជនរងគ្រោះបណ្ដាលសន្ធប់ បាក់ដៃខាងឆ្វេង និងរបួសក្បាលជាទម្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយឃាត់។ ចំណែកជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពពែត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕