ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន  

សាឡុត ស កើតនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩២៥ នៅភូមិព្រែកស្បូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងគ្រួសារកសិករមួយមានដីស្រែជាង ១០ហិកតារ មានផ្ទះក្បឿងធំទូលាយ នៅឯត្រើយម្ខាងស្ទឹងសែន ចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីក្រុងកំពង់ធំ។ ឪពុកឈ្មោះ ប៉ែន សាឡុត ម្តាយឈ្មោះ សុក ណែម មានបងប្អូន៧នាក់។ សាឡុត ស ជាកូនពៅគេ។ ប៉ុន្តែ ឯកសារខ្លះបានបញ្ជាក់ថា សាឡុត ស កើតនៅឆ្នាំ១៩២៨ ហើយថា ការដាក់ឆ្នាំកំណើតឆ្នាំ ១៩២៥នេះ គឺដើម្បីតាំងខ្លួនជារៀមច្បងក្នុងចំណោមអ្នកតស៊ូខ្មែរក្រហមផ្សេងៗទៀត ដែលមានវ័យស្របាលៗខ្លួនតែប៉ុណ្ណោះ។

មេខ្មែរក្រហម ពល ពត

សាឡុត សួង ជាបងប្រុសរបស់ សាឡុត ស បានឲ្យដឹងថាក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ព្រះមហាក្សត្រមុនីវង្ស ដោយមានការហែហមដោយព្រះបរិវារមួយចំនួនផង ពេលយាងទៅបំពេញទស្សនកិច្ចនៅក្រុងកំពង់ធំ រួចហើយព្រះអង្គបានឈៀងយាងទៅលេងផ្ទះរបស់ក្រុមគ្រួសារសាឡុត ស នៅឯភូមិព្រែកស្បូវនោះ ព្រោះបងស្រីជីដូនមួយគាត់ម្នាក់ ត្រូវបានព្រះមហាក្សត្រមុនីវង្ស សព្វព្រះទ័យយកធ្វើជាមហេសី ក្នុងចំណោមហេសីសំខាន់ៗជាច្រើនរូបទៀត គឺអ្នកម្នាងឃុន មាឃ។

នៅក្នុងឆ្នាំ ១៩២២ សាឡុត សួង ដែលកាលនោះគឺមានអាយុ១២ ឆ្នាំ ត្រូវបានឪពុកបញ្ជូនអោយទៅសិក្សានៅទីក្រុងភ្នំពេញ ដោយស្នាក់នៅក្នុងវត្តបទុមវត្តី នៅក្បែរព្រះបរមរាជវាំង។ ៦ឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩២៨ ដោយសារឥទ្ធិពលរបស់អ្នកម្នាងឃុន មាឃ ជាស្នំព្រះមហាក្សត្រមុនីវង្ស និងជាបងជីដូនមួយ សាឡុត សួង ក៏មានឱកាសចូលបម្រើការងារជាមន្ត្រីពិធីការនៅក្រុងព្រះបរមរាជវាំង តាំងពីពេលនោះមក។

បងប្រុស ពល ពត ឈ្មោះ សាឡុត សេង

ប៉ុន្មានឆ្នាំក្រោយមក សាឡុត សួង ក៏បានរៀបការជាមួយនឹងសិល្បការនីរបាំព្រះរាជ្យទ្រព្យម្នាក់ ឈ្មោះជាសាមី។ បន្ទាប់មកទៀត ប្អូនស្រីម្នាក់សាឡុត សួង ឈ្មោះសាឡុត រឿង អាយុ ១៤ឆ្នាំ បានមករស់នៅជាមួយសាឡុត សួងនៅក្រុងភ្នំពេញដែរ មិនយូរប៉ុន្មាន សាឡុត រឿង ក៏បានក្លាយជាស្នំឯកម្នាក់ទៀត ក្នុងចំណោមស្នំ៦០ នាក់របស់ព្រះមហាក្សត្រមុនីវង្ស នឹងគេដែរ។

អ្នកម្ដាង មាឃ បងស្រីជីដូនមួយ ពល ពត និងជាស្នំឯក របស់ព្រះមហាក្សត្រមុនីវង្ស

ចំណែកសាឡុត ស ជាប្អូនពៅវិញ ពេលអាយុបាន៦ ឆ្នាំ ត្រូវបានឪពុកបញ្ជូនឲ្យស្នាក់នៅរៀនសូត្រ ជាមួយព្រះសង្ឃនៅវត្តបុទុមវត្តី ដែលនៅខាងត្បូងព្រះបរមរាជវាំង ក្បែរកន្លែងធ្វើការរបស់សាឡុត សួង និងកន្លែងស្នាក់នៅរបស់ សាឡុត រឿង ជាបងៗនៅក្នុងព្រះបរមរាជវាំងដែរ។ អស់រយៈពេល២ឆ្នាំក្រោយ អ្នកម្នាងឃុន មាឃ ជាបងស្រីជីដូនមួយ ក៏ជួយឲ្យសាឡុត ស បានចូលរៀននៅមិស្ស ដែលជាសាលាឯកជនរបស់អង្គការសាសនាកាតូលិកមួយ និងស្នាក់នៅផ្ទះរបស់សាឡុត សួង និងប្រពន្ធឈ្មោះជា សាមី ជាបងបង្កើតនិងបងថ្លៃនោះ។ សាឡុត ស រៀននៅសាលាបឋមសិក្សាមិស្ស (Ecole Miche)ជាសាលាកាតូលិកនៅភ្នំពេញ។ អស់រយៈពេល៦ឆ្នាំ ហើយបាននប្តការសិក្សានៅសាលាបច្ចេកទេស (សាលាដែក) នៅឬស្សីកែវ បន្តទៀត។

សាឡុត រឿង បងស្រីរបស់ពលពត និងជាស្នំឯក របស់ព្រះមហាក្សត្រមុនីវង្ស

បន្ទាប់ពីបញ្ចប់សាលាបច្ចេកទេសនៅឬស្សីកែវ គាត់បានទទួលអាហារូបករណ៍ទៅរៀននៅសាលាបច្ចេកទេសនៅប្រទេសបារាំង។គាត់បានសិក្សាខាងអេឡិចត្រូនិចវិទ្យុនៅក្នុងទីក្រុងប៉ារីស ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣។ គាត់បានចូលរួមជាសំងាត់ជាសមាជិកក្នុងអង្គការមជ្ឈមណ្ឌលម៉ាក្សស៊ីស (Cercle Marxiste) ។ ក្រោយមក សាឡុត ស ក៏បានចូលជាសមាជិកបក្សកុម្មុយនិស្តបារាំង (PCF)ផងដែរ ។

សាឡុត ញឹម បងប្រុសរបស់ ពល ពត

ក្រោយពីប្រលងធ្លាក់បន្តគ្នាបីឆ្នាំមក គាត់បានបង្ខំចិត្តត្រលប់ទៅប្រទេសកម្ពុជា វិញ ក្នុងខែមេសា ឆ្នាំ១៩៥៣។ ក្នុងខែសីហា ឆ្នាំ១៩៥៤ សាឡុត ធ្វើដំណើរជាមួយ រដ្ឋ សាមឿន ទៅចូលរួមតស៊ូជាមួយបក្សប្រជាជនបដិវត្តន៍ខ្មែរ ដឹកនាំដោយ សឺង ង៉ុកមិញ និងទូ សាមុត នៅតំបន់បោះទីតាំងរបស់កងទ័ពវៀតមិញនៅក្នុងព្រៃក្របៅ ត្រង់ព្រំប្រទល់ខេត្តកំពង់ចាម និងខេត្តព្រៃវែង ក្បែរព្រំដែនវៀតណាម។

មេដឹកនាំគណៈបក្សប្រជាជនបដិវត្ដន៍ខ្មែរ ដែលបង្កើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១

 ក្រោយពីមានសន្និសីទនៅក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ កងទ័ពវៀតមិញទាំងអស់ ត្រូវដកចេញពីកម្ពុជា ។ ខណៈនោះ អ្នកតស៊ូក្នុងបក្សប្រជាជនបដិវត្តន៍ខ្មែរ ក៍ត្រូវបែងចែកជាពីរ គឺជាង១០០០នាក់ ដឹកនាំដោយសឺង ង៉ុកមិញ បានសម្រេចចិត្តចាកចេញពីប្រទេសជាមួយកងទ័ពវៀតមិញ ដើម្បីទៅរស់នៅប្រទេសវៀតណាមខាងជើង។ ក្រៅពីនោះ សុខចិត្តរស់នៅក្នុងប្រទេសដើម្បីធ្វើការតស៊ូខាងនយោបាយបន្តទៀត។ 

ក្នុងការបោះឆ្នោតឆ្នាំ១៩៥៥ ក្រុមអ្នកតស៊ូបក្សប្រជាជនបដិវត្តន៍ខ្មែរ បានបង្កើតគណបក្សមួយ ឈ្មោះគណបក្សប្រជាជនដឹកនាំដោយ នង សួន  ដើម្បីចូលរួមការបោះឆ្នោតនោះដែរ តែមិនបានទទួលមួយអាសនៈឡើយ គឺអាសនៈទាំងអស់នៅក្នុងរដ្ឋសភា បានទៅចលនាសង្គមរាស្រ្តនិយមរបស់សម្តេចសីហនុ ។

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ក្រុមអ្នកតស៊ូកុម្មុយនិស្តក្នុងប្រទេស បង្កើតបក្សពលករខ្មែរ មានទូ សាមុត ជាលេខាបក្ស និងនួន ជា ជាអនុលេខាបក្ស។

សាឡុត ស បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ១៩៥៦ ក្រោយពេលនាងបានត្រលប់ពីបញ្ចប់ការសិក្សានៅប្រទេសបារាំង មកជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្តបារាំងនិងប្រវត្តិសាស្ត្រ នៅវិទ្យាល័យស៊ីសុវត្ថិ និងនៅវិទ្យាល័យចម្រើនវិជ្ជា ជាសាលាឯកជនទើបបើកថ្មីមួយ។

ក្នុងខែឧសភា ឆ្នាំ១៩៦២ នង សួន ត្រូវរាជរដ្ឋាភិបាលសម្តេចសីហនុ ចាប់ខ្លួន និងកាត់ទោសប្រហារជីវិត ។ តែក្រោយមក បានបន្ធូរបន្ថយទោសនៅត្រឹមជាប់គុកអស់មួយជីវិតវិញ។ ចំណែកជូ ជេត ចាងហ្វាងកាសែតប្រជាជន និងចាងហ្វាងកាសែតបញ្ចសីលា ក៍ត្រូវចាប់ដាក់គុកដែរ។ 

នៅក្នុងខែកក្កដា ឆ្នាំ១៩៦២នោះដែរ ទូ សាមុត លេខាបក្សពលករខ្មែរ ត្រូវបាត់ខ្លួន ។

ថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ១៩៦៣ ពលករខ្មែរ បានបើកមហាសន្និបាតសម្ងាត់មួយ ជ្រើសរើសសាឡុត ស ជាលេខាបក្ស ឯនួន ជា នៅតែជាអនុលេខាបក្ស ដដែល។

ពល ពត (រូបខាងស្ដាំដៃ) ពេលទៅជួប ហូជីមីង នៅឆ្នាំ ១៩៦៦

នៅខែមីនាឆ្នាំ១៩៦៣ សាឡុត ស ត្រូវរាជរដ្ឋាភិបាលសម្តេចសីហនុ រកចាប់ខ្លួន។ នៅក្នុងខែឧសភា ឆ្នាំ១៩៦២ គាត់ និងអៀង សារី បានរត់គេចទៅតស៊ូក្នុងព្រៃ នៅតំបន់ព្រំដែនប្រទេសវៀតណាមខាងត្បូង ដោយបានទាក់ទងជាមួយកងទ័ពវៀតកុង វៀតណាមខាងជើង ដែលកំពុងវាយប្រឆាំងនឹងវៀតណាមខាងត្បូង។ នៅក្នុងខែមេសា ឆ្នាំ១៩៦៥ សាឡុត ស បានសុំឲ្យពួកវៀតកុង វៀតណាមខាងជើង ជួយផ្ដល់អាវុធមកពួកខ្លួន ដើម្បីធ្វើការបះបោរតស៊ូដោយអាវុធនៅក្នុងប្រទេស ប្រឆាំងរាជរដ្ឋាភិបាលសីហនុ ។ តែត្រូវពួកវៀតកុង  បដិសេធ ព្រោះពេលនោះ សម្ដេចសីហនុ បានអនុញាតកងទ័ពវៀតកុង វៀតណាមខាងជើង ប្រើបា្រស់ទឹកដី និងកំពង់ផែកំពុងសោម ដើម្បីធ្វើសង្គ្រាម ប្រឆាំងនឹងវៀតណាមខាងត្បង។

ពល ពត និង អៀង សារី ពេលតស៊ូនៅក្នុងព្រៃ

ក្នុងឆ្នាំ១៩៦៦ សាឡុត ស បានធ្វើដំណើរទៅប្រទេសវៀតណាមខាងជើង រួចបន្តដំណើរទៅប្រទេសចិន ទៀត ។បន្ទាប់ពីការត្រលប់ប្រទេសកម្ពុជាវិញ សាឡុត ស បានសំរេចបង្កើតបញ្ជាការដ្ឋានភូមិភាគ និងតំបន់ផ្សេងៗ ដើម្បីធ្វើការបះបោរប្រឆាំងនិងរាជរដ្ឋាភិបាលសម្ដេចសីហនុ ។ ដើមខែមេសា ឆ្នាំ១៩៦៧ សាឡុត ស បានបំផុសឲ្យប្រជាជន នៅស្រុកសំឡូតងើបឡើងបំបះបំបោរជាទ្រង់ទ្រាយធំ និងទទួលការបង្រ្កាបយ៉ាងចាស់ដែ  ៕