ភ្នំពេញ ៖ បើគិតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅតែមិនទាន់ចាប់ម្ចាស់ក្លឹបកម្សាន្ត Luxurious Club ដែលពាក់ព័ន្ធនឹងគ្រឿងញៀននោះ នាំមកចាត់ការតាមផ្លូវច្បាប់នៅឡើយ ។ រហូតធ្វើលោកសួន សេរីរដ្ឋា នៅមិនស្រណុក មានការងឿងឆ្ងល់ រូបបុរសម្នាក់នៅក្នុងពិធីកាត់ខែ្សបូ កាលពីបើកសម្ពោធ Luxurious Club ថាបើអ្នកកាត់ខែ្សបូនោះមិនមែនជាម្ចាស់ក្លឹមកម្សាន្ត Luxurious Club តើជាអ្នកណា?


យោងតាមគណនីហ្វេសប៊ុករបស់លោកសួន សេរីរដ្ឋា បានសរសេរសារបង្ហោះ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ មានខ្លឹមសារថា « នេះជារូបភាពអ្នកកាត់ខ្សែបូក្រហមបើកសម្ពោធ Luxurious Club នៅភ្នំពេញ កាលពីថ្ងៃទី១៩ តុលា ២០១៨ ! បុគ្គលនេះជាជនជាតិយួន មកពីហាណូយ ឈ្មោះ Nguyen Than Tu មានទំនាក់ទំនងជាមួយឧកញ៉ាក្មេងៗ អ្នកមានលុយ រកស៊ីបើកក្លឹបដូចគ្នា និងមានអំណាចនៅភ្នំពេញយ៉ាងស្អិតរមួត ។
បើបុរសឈ្មោះ Nguyen Than Tu នេះមិនមែនជាម្ចាស់ក្លឹប Luxurious Club តើជាអ្នកណា ? ចំណែកបុរសស្បែកខ្មៅម្នាក់ដែលចាប់បានមកពីស្រុកកំរៀង ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ជួលនោះ… បើជាម្ចាស់ក្លឹប ម្តេចមិនឃើញហំហែងឡើងកាត់ខ្សែបូណ៌ក្រហម ?
ដូច្នោះ សមត្ថកិច្ច ត្រូវតែបើកការស៊ើបអង្កេតសាជាថ្មី កុំឲ្យមានវប្បធម៌ស៊ីឈ្នួលជាប់គុក បន្តកើតមាននៅស្រុកខ្មែរទៀត។
ជុំវិញនឹងសារខាងលើនេះ អង្គភាព«KBN» មិនអាចសុំការបញ្ជាក់បន្ថែមដោយផ្ទាល់ពីលោកសួន សេរីរដ្ឋា បានទេ។


សូមបញ្ជាក់ថា ក្លឹបកម្សាន្ត LUXURIOUS មានទីតាំង ស្ថិតតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងក្លិ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាប កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនមនុស្សចំនួន៤០៨នាក់ ក្នុងមានជនជាតិចិនប្រុសស្រី ចំនួន១២១នាក់, ជនជាតិខ្មែរប្រុសស្រី ចំនួន២១១នាក់, ជនជាតិវៀតណាមប្រុសស្រី ចំនួន៧០នាក់, ជនជាតិម៉ាឡេស៊ីប្រុសស្រី ចំនួន៥នាក់ និងជនជាតិសាំងហ្គាពួរ ១នាក់ ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួនផងដែរ៕