ថៃ៖ កាលពីពេលថ្មីៗនេះថៅកែចំការទុរេនជនជាតិថៃម្នាក់ នៅខេត្តចាន់បុរី បានចំណាយលុយ ៤.៥លានបាត (ជាង ១៤ម៉ឺនដុល្លារ) ទិញរថយន្តទំនើបម៉ាក Mercedes Benz x class 350d 4 Matic V6 turbo មួយគ្រឿង ដើម្បីដឹកផ្លែទុរេនចេញពីចំការទៅផ្ទះ ហើយចំពោះសកម្មភាពនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃ ព្រោះតែរថយន្តនេះ ជារថយន្តទំនើបស៊េរីថ្មីរបស់ Mercedes ដែលទើបតែនាំមកចូលប្រទេសថៃ។

យោងតាមទំព័រហ្វេសប៊ុករបស់ คุณเอ๋ รถนำเข้าหรู – Aey Auto Import បានសរសេរថ្លែងអំណរគុណចំពោះលោកថៅកែខាងលើយ៉ាងដូច្នេះថា “សូមអរគុណម្ចាស់រថយន្ត Mercedes Benz x class 350d 4 Matic V6 turbo ដំបូងបំផុត ដែលរថយន្តនេះទើបតែនាំចូលមកកាន់ប្រទេសថៃ ។ រថយន្តនេះមានតម្លៃ ១៤៦,០០០ដុល្លារ ហើយអ្វីដែលសំខាន់នោះ គឺម្ចាស់ថ្មីនេះទិញវាទៅគ្រាន់តែដឹកផ្លែទុរេនចេញពីចំការរបស់គាត់តែប៉ុណ្ណោះ ” ។


បន្ទាប់ពីសារខាងលើបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកហើយនោះមានមតិខ្លះបានលើកឡើងថា នេះប្រហែលគ្រាន់តែជាល្បិចផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ ពុំច្បាស់ថាជារឿងពិតឡើយ ៕


សហការី KBN
ប្រភព៖ khaosod