ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ មិថុនា ក្រុមប្រឹក្សាវិន័យ​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ដែល​មាន​លោក​ឧត្តមសេនីយ៍ វ៉ា ស៊ិ​ន​ភិ​រម្យ ជា​ប្រធាន បាន​ចេញ​លិខិត​ដាក់​ទណ្ឌកម្ម​ចៅក្រម​៣​រូប ក្នុង​ម្នាក់​ៗ​ទទួល​ពិន័យ​៦​ស​ប្ដា​ហ៍ ដោយសារ​តែ​ធ្វេសប្រហែស ផ្ដល់​ពិន្ទុ​ធ្វេសប្រហែស ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​មិន​យុត្តិធម៌​ដល់​កីឡាករ ។

ចៅក្រម​ដែល​ទទួល​ទណ្ឌកម្ម គឺ​ចៅក្រម ម៉​ង់ ស៊ី​ថង​, ចៅក្រម រាម កុសល និង​ចៅក្រម ឡុ​ង សាល​វ័​ន្ដ ។

លោក​ប្រមុខ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​បន្ទោស​ថា ពួក​គេ​ទើប តែ​បញ្ចប់​វគ្គ​បំប៉ន​ថ្មី​ៗ គឺ​ថ្ងៃ​ទី​១២-១៣​មិថុនា នេះ​សោះ បែរជា​ពួក​គេ ធ្វើការ​ដោយ​ធ្វេសប្រហែស​បែប​នេះ​ទៅ​វិញ ? សហព័ន្ធ​នៅ​មិន​ទាន់​ឈាន់​ដល់​ចោទប្រកាន់​ពួក​គេ​ទៅ លើ​រឿងផល​ប្រយោជន៍​ទេ គ្រាន់តែ​បោ​ទ ពី​បទ​ធ្វេសប្រហែស​ក្នុង​ការ​ផ្ដល់​ពិន្ទុ តែ​ប៉ុណ្ណោះ ។

ទណ្ឌកម្ម​៦​ស​ប្ដា​ហ៍​របស់​សហព័ន្ធ ប្រការ​ទី​១ បាន​សម្រេច​ដាក់​ពិន័យ​ចៅក្រម​ទាំង​៣​រូប ដោយ​ព្យួរ​ការងារ​ជា​មន្ត្រី​ចៅក្រម​បណ្ដោះអាសន្ន ដើម្បី​សិក្សា​រៀនសូត្រ​បន្ថែម រយៈពេល​៦​ស​ប្ដា​ហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៦ មិថុនា តទៅ ។ និង​ប្រការ ២ បាន​ចែង​ថា ចៅក្រម​ទាំង​៣​រូប ត្រូវ​ទទួលស្គាល់​កំហុស​របស់​ខ្លួន និង​ខិតខំ​រៀនសូត្រ អនុវត្តន៍​ឲ្យ​បាន ល្អ​នូវ​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង បទបញ្ជា​គ្រប់គ្រង​ការ​ប្រកួត និង​បទបញ្ជា​បច្ចេកទេស នៃ​ការ​ផ្ដល់​ពិន្ទុ​របស់​សហព័ន្ធកីឡាប្រដាល់​គុន​ខ្មែរ ។

សូម​ជម្រាប់​ថា ការ​ប្រកួត​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ មិថុនា ២០១៩ អ្នក​ប្រដាល់​កម្ពុជា ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ទួន ប៉េ (Toun Pe) ។ លទ្ធផល​នៃ​ការ​ប្រកួត​ផ្លូវការ​ដែល​ចៅក្រម​ផ្ដល់​ឲ្យ​នោះ គឺ​ចៅក្រម​៣​រូប ផ្ដល់​ពិន្ទុ​ឲ្យ ទួន ប៉េ ឈ្នះ​(​លោក​ម៉​ង់ ស៊ី​ថន លោក​ឡុ​ង សាល​វ័​ន្ដ និង​លោក​រាម កុសល​) និង​២​រូប ផ្ដល់​ពិន្ទុ​ឲ្យ​ឃី​ម បូ​រ៉ា​ឈ្នះ (​លោក​ទេស សា​រិ​ន និង​លោក​ម៉ាត់ សា​រ៉​ន ) ។

បន្ទាប់​ពី​ការ​ប្រកួត​ភ្លាម​ៗ កីឡាករ ឃុន ឌី​ម៉ា ដែល​ជា​បងប្រុស​បង្កើត​របស់ បូ​រ៉ា បាន​ធ្វើការ​តវ៉ា​ភ្លាម​ៗ ហើយ​នៅ ថ្ងៃ​ទី​១៦ មិថុនា ក្រុម​អ្នកជំនាញ​សហព័ន្ធ​រួម​ជាមួយ​ក្រុមប្រឹក្សាវិន័យ ដោយ​មានការ​ចូលរួម​ពី​លោក​ តែម ម៉ឺន ប្រមុខ​ប្រដាល់​គុន​ខ្មែរ​ផង​នោះ បាន​ចាក់​វី​ដេ​អូ ប្រកួត​នេះ​មើល​ឡើង​វិញ មួយ​ទឹក​ម្ដង​ៗ ដោយ​ប្រុង​ប្រយ័ត្ន​ជាទី
បំផុត ។ ជាមួយនឹង​ការ​ត្រួតពិនិត្យ​ឡើង​វិញ​នេះ គេ​សង្កេត​ឃើញ​ថា នៅ​ទឹក​ទី​១ និង​ទឹក​ទី​២ បូ​រ៉ា​ឈ្នះ ទឹក​ទី​៣ បូ​រ៉ា​ចាញ់ ទឹក​ទី​៤ បូ​រ៉ា​ឈ្នះ និង​វ៉ៃ ទួន ប៉េ ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨ ថែម​ទៀត​ផង ទឹក​ទី​៥​បូ​រ៉ា​ចាញ់ ។ សរុប​មក ពិតប្រាកដ​គឺ​អ្នក​ប្រដាល់​កម្ពុជា ឃី​ម បូ​រ៉ា ឈ្នះ ទួន ប៉េ ក្នុង​លទ្ធផល​៣​ទល់​២ ។

មតិ​របស់​ក្រុម​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ខ្មែរ ដែល​ទស្សនា​ផ្ទាល់​បានអោយ​ដឹង​ថា មិន​គួរ​ណា​ចៅក្រម​ប្រដាល់​ខ្មែរ​ទាំង​៣​រូប​នៅ​សង្វៀន CNC ដាក់​ពិន្ទុ​បែប​ហ្នឹង​សោះ ? ម្នាក់​ៗ​សុទ្ធតែ​ចៅក្រម​ជើង​ចាស់ ហើយ​ទើបតែ​សិក្សា​បញ្ចប់​វគ្គ​បំប៉ន​ថ្មី​ៗ​នេះ​ទៀត​ផង ៕
សូមទស្សនាវីដេអូឃ្លីប ៖