ភ្នំពេញ៖ យុវជនមួយក្រុមមិនត្រឹមតែឲ្យសមត្ថកិច្ចឃាត់ឆេកឆេរទេ គឺថែមទាំងបានទាក់ទងទៅមិត្តភក្តិឲ្យមកជេរប្រមាថសមត្ថកិច្ចៀតផង តែក្រោយមកសមត្ថកិច្ចនាំទៅរសាកសួរ ស្រាប់តែរកឃើញថ្នាំញៀនមួយកញ្ចប់តូច ក៏ធ្វើការឃាត់ខ្លួនតែម្តង បង្កការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។


ក្រុមជនសង្ស័យនេះ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ គេនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ តែក្រុមជនសង្ស័យ ជិះម៉ូតូចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងជិះគ្នា៣នាក់ ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1GP-8370 ។ ចំណែកម៉ូតូមួយគ្រឿងទៀត ជិះគ្នា៣នាក់ដែរ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ 1N-3659។
មុនពេលកើតហេតុ សមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានចេញល្បាតក្នុងភូមិសាស្ត្រ លុះមកដល់មហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ស្រាប់តែឃើញជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីនិច ពណ៌ស សមត្ថកិច្ចក៏ឃាត់សួរនាំ តែក្រុមជនសង្ស័យ មិនព្រមឲ្យឆែកឆេរឡើយ ហើយបានទូរស័ព្ទទាក់ទងទៅបក្ខពួកចំនួន៣នាក់ផ្សេងទៀត ឲ្យមកជួយអន្តរាគមន៍រារាំងមិនឲ្យឆែកឆេរ និងដោះអាវបោកមុខសមត្ថកិច្ច ហើយជេរប្រមាថកម្លាំងសមត្ថកិច្ចទៀតផង ។

បន្ទាប់មក កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានទាក់ទងទៅកម្លាំងនគរបាលប៉ុស្តិ៍ ដើម្បីជួយឃាត់ និងនាំក្រុមជនសង្ស័យទាំងនោះទៅធ្វើការសាកសួរ ស្រាប់តែរកឃើញថ្នាំញៀនមួយកញ្ចប់តូច ដែកកេះមួយ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន២ផងដែរ។
កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យទាំង៦នាក់ ទៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីពិនិត្យមើលសារធាតុញៀន រួចកសាងសំណុំរឿងចាត់ ការតាមនីតិវិធី៕