បាត់ដំបង៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ខាងមុខតទៅ នៅតាមឃុំ សង្កាត់នីមួយៗ នឹងទទួល បានកញ្ចប់ថវិកាជាង១០ម៉ឺនដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍនៅក្នុងឃុំ សង្កាត់។ នេះបើតាម ការ គូសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុង ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្ដបាត់ដំបង។សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា “ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ តទៅ ក្នុងមួយឃុំ នឹងទទួលបានថវិកាជាង១០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ ខ្លួន”។ សម្តេចក្រឡាហោមបានបន្តថា កាលពីចាប់ផ្តើមដំបូងនៅតាមឃុំ សង្កាត់បានទទួល ថវិកាសម្រាប់អភិឌ្ឍន៍ប្រមាណ៧.០០០ដុល្លារ ឬ៨.០០០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ ធ្វើ បាន ជាង១០ម៉ឺនដុល្លារ។ សម្តេចក្រឡាហោមបានបន្ថែមថា ទោះបីចំនួននេះតិច បើគិតនៅ តាមឃុំនីមួយៗក្តី ប៉ុន្តែបើបូកបញ្ចូលគ្នាសម្រាប់ឃុំ សង្កាត់ នៅទូទាំងប្រទេសនោះ មានចំនួន ច្រើន (ឃុំសង្កាត់ទូទាំងមាន១.៦៤៦)។

សម្តេចក្រឡាហោមបន្ដទៀតថា តាមច្បាប់នៅតាមឃុំ សង្កាត់ ត្រូវបានអនុញ្ញាតឱ្យរកចំណូលមកពី៣ប្រភព រួមមាន៖ ទី១ ថវិកាជាតិ ទី២ ការទទួល យក ពីមូលនិធិ និងទី៣ ការរកដោយផ្ទាល់របស់ឃុំ សង្កាត់ តាមរយៈរដ្ឋផ្តល់សិទ្ធិឱ្យ។ សម្ដេច ក្រឡាហោមបានបន្ថែមទៀតថា “អ្វីដែលយើងបានសន្យាពីមុនមកគឺយើងបានធ្វើ មិនដូចអ្នក មួយចំនួនបានតែថា តែអត់ធ្វើនោះទេ”៕