ភ្នំពេញ ៖ យ៉ាងហោចណាស់ យុវជន៣នាក់របួសធ្ងន់ ដេកស្តូកស្ទឹងក្នុងថ្លុកឈាម ត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈដែលពួកគេជិះម៉ូតូ EXCITER អត់ស្លាកលេខ មួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង មិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តកូរ៉េមួយគ្រឿងទៀតពេញទំហឹង ធ្វេីឲ្យម៉ូតូបុកចូលជាប់ក្រោមរថយន្ត បង្កការភ្ញាក់ផ្អេីលទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង២២:១០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវវេងស្រេង កែងផ្លូវ២១៧ (ទល់មុខសាលាអន្តរជាតិប៊ែលធី) ស្ថិតក្នុងសង្កាត់ស្ទឹងមាន ជ័យទី៣ ខណ្ឌមានជ័យ ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក YAMAHA EXCITER ពណ៍ខ្មៅ (អត់ស្លាក់លេខ) ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿង ខណៈនោះក៏ជួបកម្លាំងនគបាលកំពុងល្បាតក្នុងមូលដ្ឋាន ឃេីញបេីកម៉ូតូលឿនពេក និងពុំមានស្លាកលេខទៀតនោះ ទេីបមានការសង្ស័យ ក៏ជិះដេញតាមប្រាប់ឲ្យឈប់ ដេីម្បីសួរនាំ តែបែរជាយុវជនខាងលើ មិនព្រមឈប់រួចក៏បន្ថែមល្បឿន កាន់តែលឿនជ្រុល លុះមកដល់កន្លែងកេីតហេតុ ក៏ជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខសៀមរាប 2A-5440 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្តតែម្ដង ចំណែកឯមនុស្សវិញ ខ្ទាតបោកផ្ទប់រថយន្តធ្លាក់មកថ្នល់រងរបួសធ្ងន់ដេកក្នុងថ្លុកឈាមទាំង៣នាក់ ហេីយត្រូវបានប្រជាពលរដ្ឋ ធ្វេីដំណេីរឆ្លងកាត់នោះឃេីញ ហេីយផ្ដល់ដំណឹងទៅសមត្ថកិច្ចមូលដ្ឋាន ទាក់ទងរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យតែម្ដង ។ បន្តិចក្រោយមកមានរថយន្តគិលានសង្គ្រោះមន្ទីរសម្រាកព្យាបាលឯកជនសូគ៍ា មកដឹកយកអ្នករបួសទាំង៣នាក់នោះ យកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

បច្ចប្បន្នក្រោយពេលកេីតហេតុ រថយន្តនិងម៉ូតូដែលជាប់ក្រោមរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការ ប្រគល់អោយសមត្ថកិច្ចជំនាញ ចុះមកធ្វេីការវាស់វែង រួចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំការដោះស្រាយ តាមច្បាប់៕