ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែ ក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឡោមពទ្ឋ័ឆែកឆេរផ្ទះរបស់មេឈ្មួញមួយកន្លែង នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដោយរឹបអូសបានរថយន្តដឹកឈើប្រណីតចំនួន៨គ្រឿង កាលពីវេលាម៉ោងម៉ោង៥ ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

ការបង្ក្រាបនេះធ្វើឡើង នៅចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានច្បាស់ការណ៍ថា មានរថយន្តរបស់មេឈ្មួញខាងលើបានចូលទៅលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន កាលពីពេលថ្មីៗនេះ ហើយត្រូវបានបែកការណ៍ដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ទើបចាត់វិធានការបង្ក្រាប និងរូបអូសប្រគល់ឲ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកតែម្តង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា លំនៅដ្ឋានខាងលើជាកម្មសិទ្ធិរបស់មេឈ្មួញដ៏ល្បីល្បាញម្នាក់ឈ្មោះ ជុំ វុទ្ឋី ហៅស៊ី ឬធីកាប៉ូ ដែលតែងតែធ្វើសកម្មភាពជាប្រចាំក្នុងការដឹកជញ្ជូនឈើលោតឆ័ត្រ ពីខេត្តស្ទឹងត្រែងឆ្ពោះទៅស្រុកស្នួល និងបន្តទៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួននៅតំបន់នោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើទាំង៨នេះបានដឹកឈើនាំចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកស្នួល កាលម្សិលមិញ ប៉ុន្តែត្រូវបានខកខាន មិនទៅដល់គោលដៅ ទើបបើកចូលក្នុងផ្ទះរបស់ខ្លួនដើម្បីរង់ចាំឱកាសល្អនាំឆ្ពោះទៅប្រទេសវៀតណាម តែអកុសលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចូលទៅបង្ក្រាបរឹបអូស។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលកម្លាំងសមត្ថកិច្ច រួមនឹងស្ថាប័នអយ្យការ ដែលឡោមព័ទ្ធលំនៅដ្ឋានមេឈ្មួញខាងលើនេះ ហើយរាល់ការបង្ក្រាបទាំងអស់ សមត្ថកិច្ចរឹបអូសបានរថយន្តដឹកឈើជាបន្តបន្ទាប់ តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មេឈ្មោះដ៏ល្បីម្នាក់នេះ នៅតែអាចធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ជាមួយនឹងក្រុមឈ្មួញវៀតណាមបានដដែល។
បច្ចុប្បន្នរថយន្តដឹកឈើទាំង៨គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សារ ដើម្បីវាស់វែង និងចាត់វិធានការផ្លូវច្បាប់ រឹមអូសយកជាសម្បត្តិរដ្ឋ៕