ភ្នំពេញ៖ នៅពេលបានចូលរួមសកម្មភាពដាំដើមឈើប្រមាណ២៥០០ដើមនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅថ្មីៗនេះ តារាកំប្លែងនាយពាក់មី បានបញ្ចេញសារមួយដ៏គួរឲ្យចាប់អារម្មណ៍មួយនៅគណនីយហ្វេសប៊ុករបស់លោកថា៖ គេកាប់ព្រៃធ្វើឧកញ៉ាអស់ហើយ យើងទើបនឹងចាប់ផ្តើមដាំដឹងកាលណាបានកាប់ មើលទៅជាតិហ្នឹង គ្មានវាសនាបានបំផ្លាញព្រៃឈើនឹងគេទេមើលទៅ! ។


សារនេះបានចាក់ចំបេះដូងមហាជន និងទទួលបានការកោតសរសើរចំពោះចិត្តក្លាហានក្នុងការលើកឡើងពីរឿងរលាយព្រៃឈើនេះ ។ ប៉ុន្តែក្រោយពីបានទទួលនូវការកោតសរសើរចំពោះចិត្តក្លាហាននេះ មិនបានប៉ុន្មានផង ស្រាប់តែតារាកំប្លែងរូបនេះបានបញ្ចេញសារថ្មីមួយទៀត ធ្វើការបកស្រាយបញ្ចៀសចំពោះសំណេរនៅលើគណនីយរបស់លោកពិមុននោះវិញ ថា អ្វីដែលលោកចង់និយាយនោះ គឺលោកចង់ទាញបេះដូងបងប្អូនឲ្យស្តាយ ឲ្យអាណិត ឲ្យស្រលាញ់ព្រៃឈើទាំងអស់គ្នា ហើយយើងរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្ស នឹងដាំដេដើមឈើឡើងវិញឲ្យបានច្រើន ។
លោកបញ្ជាក់ថាវាគឺជាការផ្តើមចេញពីបេះដូងប្រជាជនទាំងអស់គ្នា ៕